នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងក្រោមការណែនាំរបស់ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍, នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិថៃ ចំនួន១១៩នាក់ (ស្រី៥៨នាក់) តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយចាប់ខ្លួនរឿងលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។

ជនជាតិថៃ ចំនួន១១៩នាក់ ត្រូវបានគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនបរទេសខាងលើត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ក្រោយធ្វើដំណើរចូលមកកម្ពុជា ដោយស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹងសកម្មភាព អនឡាញខុសច្បាប់ ដូចនេះសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវីធីធ្វើការបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕

