ក្រុមជនជាតិភាគតិចប្រដាប់អាវុធក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួនបានដោះលែងជនបរទេសជាង 7,000 នាក់ពីមជ្ឈមណ្ឌលឆបោក។

គួររំលឹកថា ជនបរទេសមួយចំនួនធំត្រូវបានគេជឿថាត្រូវបានបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា នៅជិតព្រំដែនជាមួយប្រទេសថៃ។ ក្រុមប្រដាប់អាវុធនេះមានឈ្មោះថា BGF ដែលគ្រប់គ្រងតំបន់នោះបានបើកការវាយឆ្មក់លើមូលដ្ឋានឆបោក។ ក្រុម BGF បានឆែកឆេរទីតាំងមួយកន្លែង ដែលគេស្គាល់ឈ្មោះថា KK Park កាលពីថ្ងៃពុធ។
ក្រុមនេះនិយាយថាខ្លួនបានជួយសង្គ្រោះជនបរទេសចំនួន 7,141 នាក់ពីមជ្ឈមណ្ឌលបោកប្រាស់ចាប់តាំងពីខែមករាមកម្លេះ។ ជនបរទេសទាំងនោះរួមមានមនុស្ស 4,860 នាក់មកពីប្រទេសចិន 572 នាក់មកពីប្រទេសវៀតណាម 526 នាក់មកពីប្រទេសឥណ្ឌា និង 430 នាក់មកពីប្រទេសអេត្យូពី ក្នុងចំណោម 28 ប្រទេស និងតៃវ៉ាន់។
សមាជិកជាន់ខ្ពស់នៃ BGF បាននិយាយថា មនុស្សដែលត្រូវបានជួញដូរតិចតួចនៅតែមាននៅក្នុងមជ្ឈមណ្ឌលនេះ។ មន្ត្រីរូបនេះបាននិយាយថា សមាជិកអង្គការឆបោកមួយចំនួនបានរត់គេចខ្លួនដោយមានជំនួយពីក្រុមផ្សេងទៀត មុនពេល BGF ចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន៕

ដោយ៖ ពេជ្រ