កាលពីថ្ងៃទី២១ខែកុម្ភៈតាមម៉ោងក្នុងតំបន់ វេបសាយសេតវិមានអាមេរិកបានដាក់ចេញអនុស្សរណៈនៃគោលនយោបាយវិនិយោគស្តីពី“ការតម្កល់ទុកសហរដ្ឋអាមេរិកជាចម្បង”ដោយប្រកាសថា នឹងកែសម្រួលគោលនយោបាយវិនិយោគរបស់សហរដ្ឋអាមេរិក ។ អំពីគោលនយោបាយនេះ ខ្លឹមសារសំខាន់បំផុតគឺកំណត់ “តំបន់ហាមឃាត់”នៃការវិនិយោគទៅមករវាងចិននិងអាមេរិក ដើម្បីបង្កើនការដាក់កំហិតថែមមួយកម្រិតទៀត ។
ឧទាហរណ៍ដូចជា អនុស្សរណៈនេះបានលើកឡើងថា នឹងទប់ស្កាត់បុគ្គលិកដែលពាក់ព័ន្ធនឹងប្រទេសចិន “ប្រមូលទិញសហគ្រាសនិងទ្រព្យសម្បត្តិដ៏គន្លឹះរបស់អាមេរិក” ដាក់កំហិត“ការវិនិយោគលើស្ថាប័នយុទ្ធសាស្ត្រដូចជា បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ កសិកម្មនិងថាមពលជាដើម” ទន្ទឹមនឹងនេះ “គិតពិចារណាពីការអនុវត្តការរឹតបន្ដឹងថ្មីឬបង្កើនការដាក់កំហិតទៅលើការវិនិយោគរបស់អាមេរិកក្នុងវិស័យពាក់ព័ន្ធដូចជាវត្ថុពាក់កណ្ដាលចម្លង បញ្ញាសិប្បនិម្មិត បច្ចេកទេស Quantum និងបច្ចេកវិទ្យាជីវសាស្ត្រជាដើមរបស់ចិន” ។ វាមិនពិបាកមើលឃើញថា ទង្វើនេះបានពង្រីកនិយមន័យនៃសន្តិសុខជាតិ ដែលមានលក្ខណៈរើសអើង នឹងបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងសហគ្រាសនៃប្រទេសទាំងពីរ ។ ភាគីចិនបានបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា នឹងតាមដានយ៉ាងដិតដល់ចំពោះនិន្នាការសកម្មភាពរបស់ភាគីអាមេរិក ហើយនឹងចាត់មធ្យោបាយដ៏ចាំបាច់ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។
ក្រឡេកទៅមើលប៉ុន្មានឆ្នាំកន្លងទៅនេះ ភាគីអាមេរិកបានដាក់ចេញវិធានការសំដៅចំពោះចិនដូចជា ត្រួតពិនិត្យការវិនិយោគនិងគ្រប់គ្រងការនាំចេញជាដើមជាបន្តបន្ទាប់ ដោយយកអ្វីដែលហៅថា “សន្តិសុខជាតិ”ធ្វើជាលេស ប៉ុនប៉ងកាត់កម្សោយកម្លាំងឥទ្ធិពលនៃសេដ្ឋកិច្ចចិន ជាពិសេសគឺសមត្ថភាពអភិវឌ្ឍន៍របស់ចិនក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ។
អ៊ីចឹង តើភាគីអាមេរិកដាក់កំហិតលើ “ការវិនិយោគទៅមក”បានកាត់ផ្ដាច់ផ្លូវរបស់អ្នកណា? ឥស្សរជនសង្កេតការណ៍បានលើកឡើងថា ទង្វើរបស់ភាគីអាមេរិកបានល្មើសនឹងក្បួនច្បាប់វិនិយោគនិងពាណិជ្ជកម្មអន្តរជាតិនិងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ ដែលបានបំផ្លាញរូបភាពនិងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន បំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួននិងឱកាសនៃសហគ្រាសអាមេរិក វាពិតជាបំផ្លាញទាំងផលប្រយោជន៍ខ្លួនឯងនិងអ្នកដទៃទៀត ។
យកការរឹតបន្ដឹងលើការវិនិយោគនៅសហរដ្ឋអាមេរិកជាឧទាហរណ៍ វិធានការពាក់ព័ន្ធរបស់ភាគីអាមេរិកមិនត្រឹមតែសំដៅលើប្រទេសចិនប៉ុណ្ណោះទេ ក៏ថែមទាំងតម្រង់ចំពោះសម្ព័ន្ធមិត្តផងដែរ ។ មុននេះមិនជាយូរប៉ុន្មាន ភាគីអាមេរិកបានរកគ្រប់មធ្យោបាយ ដើម្បីរារាំងក្រុមហ៊ុនដែកថែបជប៉ុនប្រមូលទិញក្រុមហ៊ុនដែកថែបរបស់អាមេរិក ទីបំផុតធ្វើឱ្យផែនការនេះទទួលបរាជ័យ។ ចំពោះសហរដ្ឋអាមេរិកដែលនិយាយផ្សេងធ្វើផ្សឹងនិងដែលមានកេរ្តិ៍ឈ្មោះអសោច ការវិនិយោគបរទេសណាមួយប្រហែលសុទ្ធតែត្រូវគិតពិចារណាថ្លឹងថ្លែងឱ្យច្បាស់សិន ។
ដោយសាររងការរំខានពីគោលនយោបាយរឹតបន្ដឹងរបស់ភាគីអាមេរិក ចំណែកទីផ្សារនិងប្រាក់ចំណេញរបស់សហគ្រាសអាមេរិកដ៏ល្បីឈ្មោះជាច្រើននៅប្រទេសចិនសុទ្ធតែរងផលប៉ះពាល់ ។ ប្រសិនបើភាគីអាមេរិកទទូចពង្រីកការរឹតបន្ដឹងលើការវិនិយោគទៅលើប្រទេសចិន នោះលំហទ្រព្យសម្បត្តិនៃសហគ្រាសអាមេរិកមុខជានឹងត្រូវបង្រួមតូចថែមមួយកម្រិតទៀត ។
ក្រឹត្យក្រមទីផ្សារគឺមានកម្លាំងយ៉ាងខ្លាំងក្លា តម្រូវការនិងសំណូមពរនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសចិននិងអាមេរិកក៏ខ្លាំងក្លាដែរ ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះទើបជាជម្រើសដ៏ល្អបំផុតរបស់ភាគីទាំងពីរ ។ ការរឹតបន្ដឹងលើការវិនិយោគទៅមកដោយបង្ខំ និងជំរុញ “ការផ្តាច់ទំនាក់ទំនង”ជាមួយចិន គឺប្រៀបដូចជា “បាញ់កាំភ្លើងលើជើងខ្លួនឯង” ភាគីអាមេរិកចាំបាច់ត្រូវគិតពិចារណាឱ្យបានម៉ត់ចត់៕

