ឯកឧត្តម ឡាវ វ៉ាន់ ៖ ប្រកៀកស្មាគ្នារវាងក្រុមគ្រូពេទ្យកម្ពុជានិងចិន សង្គ្រោះជីវិតកុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត

ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កុមារកម្ពុជាដែលមានជំងឺបេះដូងចំហពីកំណើតចំនួន៥រូបបន្ថែមទៀតនឹងចេញដំណើរទៅទទួលការវះកាត់និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន។ តាមរបាយការណ៍ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន បានរំលេចថា ចាប់ពីឆ្នាំ២០១៨មក តាមរយៈគម្រោងនៃក្តីស្រឡាញ់ មន្ទីរពេទ្យបេះដូងFuwai និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការចុះពិនិត្យសុខភាពជូនដល់កុមារកម្ពុជានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១២ផ្សេងទៀតសរុបមានចំនួនចំនួន៧៩,៥១១នាក់ ក្នុងនោះមាន១២២រូបត្រូវបានរកឃើញថាមានជំងឺបេះដូងពីកំណើត។ ដោយមានការសម្របសម្រួលនិងការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ទើបកុមារចំនួន១០៧រូបបានជាសះស្បើយក្រោយទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីប្រទេសចិន ហើយកុមារចំនួន១០រូបបានទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមក្រុមគ្រួសារកុមារទាំ៥រូបដែលត្រៀមចេញដំណើរទៅចិន លោក នួន ពិសិដ្ឋ បានជម្រាថា ក្រៅពីការលើកទឹកចិត្តដោយផ្តល់ជូនក្នុងមួយគ្រួសារមីជាតិចំនួន២កេស និងថវិកា១សែនរៀល ក្រុមគ្រួសារទទួលបានសោហ៊ុយលើការរៀបចំលិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះទៅមក ការស្នាក់នៅ និងចំណាយផ្សេងៗទាំងស្រុងពីឯកឧត្តម ឡាវ វ៉ាន់ និងលោកជំទាវ ជឹង សុគន្ធាវី។ ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង៥រូបដែលនឹងត្រៀមចេញដំណើរនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ដើម្បីទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅក្នុងប្រទេសចិន ឯកឧត្តម ឡាវ វ៉ាន់ មានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ហើយដោយឡែកក្នុងអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបង្កើនការយកចិត្តទុកដាក់ខ្លាំងឡើងបន្ថែមទៀតលើវិស័យសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាដែលជាពិសេសគឺកុមារ។ ឯកឧត្តមក៏បានសាទរជាមួយក្រុមគ្រួសារកុមារទាំង១១៧រូបដែលមានជាសះស្បើយពីជំងឺបេះដូងចំហក្រោយពីទទួលបាននូវការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមិត្តចិន។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់មិត្តចិនបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យកម្ពុជាទាំងលើបម្រើបម្រាស់សម្ភារបច្ចេកវិទ្យាទំនើប និងបច្ចេកទេសនៃការវះកាត់និងព្យាបាលជំងឺបេះដូងចំហ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពសាធារណៈក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏ស្វាគមន៍ចំពោះកិច្ចសហការរវាងសមាគមមិត្តភាពកម្ពុជា-ចិន ជាមួយមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន អង្គការYUNDI និងមូលនិធិចិនPEACELAND ក្នុងផែនការឆ្នាំ២០២៥នេះនាំយករថយន្តចល័តសម្រាប់បម្រើការងារលើការវះកាត់និងព្យាបាលជំងឺបេះដូងចំហជូនដល់កុមារកម្ពុជា។ ជានិច្ចកាល ឯកឧត្តម ឡាវ វ៉ាន់ តែងយល់ថា កិច្ចខិតខំប្រឹងប្រែងនៃស្មារតីប្រកៀកស្មាគ្នារវាងក្រុមគ្រូពេទ្យកម្ពុជានិងចិន ពិតជាបានរួមចំណែកសង្គ្រោះជីវិតកុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ហើយកុមារដែលជាសះស្បើយពីជំងឺបេះដូងចំហ គឺជាទូតសុឆន្ទៈ និងជាសាក្សីនៃមិត្តភាពរវាងប្រជាជនកម្ពុជានិងចិនក្រោមទម្រនៃមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ៕

Written by 

Related posts

Leave a Comment