ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ពន្ធលើរថយន្តនាំចូល ដែលលោកគ្រោងនឹងដាក់ចាប់ពីដើមខែមេសា នឹងត្រូវកំណត់ក្នុងរង្វង់ ២៥ ភាគរយ។

លោក Trump បានប្រាប់អ្នកសារព័ត៌មានបែបនេះកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ពន្ធលើរថយន្តនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែមេសា ប៉ុន្តែលោកមិនផ្តល់ព័ត៌មានលម្អិតអំពីប្រទេសគោលដៅ ឬអត្រានោះទេ។
ប្រសិនបើពន្ធគយត្រូវបានដាក់លើប្រទេសទាំងអស់នោះ វានឹងផ្តល់ផលប៉ះពាល់ដល់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសនាំចេញរថយន្តដ៏សំខាន់ទៅកាន់សហរដ្ឋអាមេរិក។
សមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុនលើកទ្បើងថា ការនាំចេញរថយន្តដឹកអ្នកដំណើរទៅកាន់សហរដ្ឋអាមេរិកមានចំនួនសរុប ១.៣៣ លានកាលពីឆ្នាំមុន ដែលមានចំនួនច្រើនជាងមួយភាគបីនៃការនាំចេញរថយន្តដឹកអ្នកដំណើរទូទាំងពិភពលោករបស់ប្រទេសជប៉ុនក្នុងរយៈពេលនេះ។
លោក Trump ក៏បាននិយាយផងដែរថា ពន្ធនឹងត្រូវបានដាក់លើឧបករណ៍អេឡិចត្រូនិកនិងឱសថដោយចាប់ផ្តើមពី ២៥ ភាគរយ និងកើនឡើងច្រើនថែមទៀត ក្នុងរយៈពេលមួយឆ្នាំ។
Trump បាននិយាយថា លោកចង់ផ្តល់ឱ្យក្រុមហ៊ុនបរទេសដែលផលិតផលិតផលទាំងនោះ មានពេលវេលាដើម្បីនាំចូលមក និងជៀសវាងពន្ធដោយការបង្កើតរោងចក្រផលិតនៅសហរដ្ឋអាមេរិកតែម្តង។
សេដ្ឋវិទូបានប៉ាន់ប្រមាណថា ពន្ធលើរថយន្តរបស់សហរដ្ឋអាមេរិកអាចកាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបាន ០.២ ភាគរយ។
លោក Kiuchi Takahide សេដ្ឋវិទូប្រតិបត្តិនៅវិទ្យាស្ថានស្រាវជ្រាវ Nomura និយាយថា ពន្ធនឹងដំឡើងតម្លៃរថយន្តជប៉ុននៅអាមេរិក ដោយកាត់បន្ថយការលក់។ នោះនឹងនាំឱ្យមានការធ្លាក់ចុះនៃការនាំចេញរថយន្តទៅកាន់សហរដ្ឋអាមេរិក។ គាត់លើកទ្បើងថា ការផលិតរថយន្តនៅក្នុងប្រទេសជប៉ុននឹងធ្លាក់ចុះ។ ការថយចុះនៃការងារនឹងធ្វើឱ្យប្រាក់ឈ្នួលធ្លាក់ចុះ ហើយមានផលប៉ះពាល់ដូចជាការថយចុះនៃការប្រើប្រាស់ផ្ទាល់ខ្លួនផងដែរ។
លោក Kiuchi ក៏ចង្អុលបង្ហាញថា ការនាំចេញពីរោងចក្រផលិតរថយន្តរបស់ជប៉ុននៅខាងក្រៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិកក៏នឹងរងផលប៉ះពាល់ផងដែរ។ លោកថា ក្នុងចំណោមការនាំចេញ រថយន្តមានផលប៉ះពាល់ខ្លាំងបំផុតលើសេដ្ឋកិច្ចជប៉ុន ដូច្នេះជប៉ុនចង់ជៀសវាងពន្ធលើឧស្សាហកម្មនោះ៕

ដោយ៖ ពេជ្រ