កង្វល់ប្រេះស្រាំវិស័យសុខាភិបាលពិភពលោក ក្រោយអាមេរិក និងអាហ្សង់ទីន ប្រកាសដកខ្លួនពី WHO

ប្រធានាធិបតីអាហ្សង់ទីន បានបញ្ជាឱ្យប្រទេសនេះដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ដោយសារតែភាពខុសគ្នាយ៉ាងស៊ីជម្រៅ ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ។ នេះបើតាមអ្នកនាំពាក្យប្រធានាធិបតី បានឲ្យដឹង កាលពីថ្ងៃពុធ ។

ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Javier Milei បានកើតឡើង បន្ទាប់ពីសម្ព័ន្ធមិត្តរបស់លោក គឺលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសដកខ្លួនចេញពី WHO ជាមួយនឹងបទបញ្ជាប្រតិបត្តិ នៅថ្ងៃចូលកាន់តំណែងផ្លូវការ។

ការបាត់បង់ប្រទេសសមាជិកមួយផ្សេងទៀតនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែប្រេះស្រាំក្នុងវិស័យសុខាភិបាលពិភពលោក ស្របពេលដែលអាហ្សង់ទីន ត្រូវបានគេរំពឹងថា នឹងផ្តល់តែប្រហែល ៨ លានដុល្លារដល់អង្គការសុខភាពពិភពលោក សម្រាប់ថវិកាប៉ាន់ស្មានរបស់ទីភ្នាក់ងារចំនួន ៦,៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤-២០២៥ នេះក៏ដោយ។

ការសម្រេចចិត្តរបស់អាហ្សង់ទីន គឺផ្អែកលើភាពខុសគ្នាយ៉ាងស៊ីជម្រៅក្នុងការគ្រប់គ្រងសុខភាព ជាពិសេសក្នុងអំឡុងពេលរាតត្បាត (COVID-19) នេះបើតាមអ្នកនាំពាក្យ លោក Manuel Adorni បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Buenos Aires ។

លោក បានបន្ថែមថា អាហ្សង់ទីន នឹងមិនអនុញ្ញាតឱ្យអង្គការអន្តរជាតិមួយធ្វើអន្តរាគមន៍ក្នុងអធិបតេយ្យភាពរបស់ខ្លួនឡើយ ។

គួរបញ្ជាក់ថា តាមសម្ដីរបស់លោក គឺចង់សំដៅថា WHO មិនមានសិទ្ធិអំណាចក្នុងការបង្ខំប្រទេសនានាឱ្យចាត់វិធានការសុខភាពជាក់លាក់នោះទេ ហើយការណែនាំ និងអនុសាសន៍របស់អង្គការ រួមទាំងក្នុងវិបត្តិសុខភាពដូចជា COVID-19 ជារឿយៗត្រូវបានគេមិនយកចិត្តទុកដាក់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment