លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ហាក់មិនសូវរីករាយប៉ុន្មានឡើយ ទោះបីក្រុមខ្លួនទទួលបានជ័យជម្នះ៤-២ លើក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា ក្នុងជំនួបបង្គ្រប់កិច្ចពាន ASEAN Club Championship Shopee Cup ឆ្នាំ២០២៤-២៥នៅពហុកីឡដ្ឋានជាតិ កាលពីយប់មិញក៏ដោយ។
យ៉ាងណាមិញក្រោយចប់ការប្រកួត លោក Pep Munoz បាននិយាយថាការលេងមិនសូវបានល្អ ដូចការចង់បាន។ ពាក់ព័ន្ធនឹងចង្វាក់លេង និងគុណភាពលេងជាក្រុម ពោលគឺមិនដូចកម្រិតដែលក្រុមខ្លួនធ្លាប់ធ្វើបានកន្លងមក។ លើសពីនេះ លោកក៏ហាក់មានការសោកស្ដាយការបរាជ័យជាមួយក្រុម PSM Makassar របស់ឥណ្ឌូនេស៊ី ដែលនាំឲ្យព្រះខ័នរាជស្វាយរៀង គ្មានឱកាសអ៊ុតកៅអីវគ្គបន្ដ សម្រាប់ការប្រកួតចុងក្រោយនេះផងដែរ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់វគ្គចែកពូលនៃព្រឹត្តិការណ៍ ASEAN Club Championship Shopee Cup 2024-25 ព្រះខ័នរាជស្វាយរៀង បានត្រឹមឈរលេខ៣ ក្នុងពូល A ដោយមាន ៧ពិន្ទុ ស្មើក្រុម Terenggu FC របស់ម៉ាឡេស៊ី ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ ២ ស្មើ ១ និងចាញ់ ២។ រីឯបេក្ខភាពឡើងវគ្គ ៤ក្រុមចុងក្រោយ សម្រាប់ពូល A ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ រួមមានក្រុមកំពូលតារាង BG Pathum United របស់ថៃ ដែលរកបាន ១១ពិន្ទុ ក្រោយបន្ដយកឈ្នះក្រុម Terengganu FC ៤-៣ និងក្រុម PSM Makassar ដែលឈរលេខ២ រកបាន ១០ពិន្ទុ ក្រោយយកឈ្នះក្រុម Dong A Thanh Hoa របស់វៀតណាម ៣-០ កាលពីយប់មិញ៕
