កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសចិនបានធ្វើកិច្ចពិគ្រោះពិភាក្សាជាមួយមន្ត្រីក្រសួងការបរទេសជប៉ុននៅទីក្រុងប៉េកាំង ។ ភាគីចិនបានលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីជប៉ុនម្តងទៀតអំពីពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដាស់តឿនយ៉ាងម៉ឺងម៉ាត់ឱ្យភាគីជប៉ុនលុបចោលពាក្យសម្តីខុសឆ្គងរបស់ខ្លួន បញ្ឈប់ការបង្ករឿងក្នុងបញ្ហាពាក់ព័ន្ធនឹងប្រទេសចិននិងកែតម្រូវកំហុសរបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែងដើម្បីគាំពារមូលដ្ឋានគ្រឹះខាងនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។
តាំងពីលោកស្រី Sanae Takaichi បាននិយាយបញ្ឆិតបញ្ឆៀងពីលទ្ធភាពលូកដៃចូលក្នុងបញ្ហាតៃវ៉ាន់ដោយកម្លាំងបាយកាលពីថ្ងៃទី ៧ ខែវិច្ឆិកាមក រដ្ឋាភិបាលចិនបានឆ្លើយតបវិញយ៉ាងខ្លាំងក្លាចំពោះពាក្យសម្តីបង្ករឿងហេតុពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់របស់លោកស្រី ។ បើនិយាយចំពោះប្រទេសចិន បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ចិន ។ លោកស្រី Sanae Takaichi បានបង្ករឿងហេតុចំពោះប្រទេសចិនលើបញ្ហានេះតាមតែទំនើងចិត្តដោយមិនអើពើនឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដែលច្បាស់ជាត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុត ប្រទេសធំទីពីរខាងការនាំចេញនិងជាប្រភពនាំចូលធំបំផុតរបស់ប្រទេសជប៉ុន ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ Nomura របស់ជប៉ុនបានថ្លែងថា ប្រសិនបើចំនួនអ្នកទេសចរចិនដែលមកទស្សនាប្រទេសជប៉ុនមានការថយចុះយ៉ាងខ្លាំង នោះ តាមការគណនាជាជំហានដំបូងឱ្យដឹងថា ការខាតបង់ខាងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងឈានដល់ ២,២ ទ្រីលានយ៉េនជប៉ុន(ប្រហែលត្រូវជា ១០១,១៦ ប៊ីលានយាន់ប្រាក់ចិន) ។ ប៉ុន្មានថ្ងៃជាប់មកនេះ គ្រប់មជ្ឈដ្ឋានក្នុងស្រុកជប៉ុនបានថ្កោលទោសចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ជាបន្តបន្ទាប់ ដោយបានអំពាវនាវឱ្យលោកស្រីលុបចោលពាក្យសម្តីខុសឆ្គងរបស់ខ្លួនជាបន្ទាន់ ។
ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវប្រវត្តិសាស្ត្រ ការឆ្លើយតបវិញរបស់ប្រទេសចិនមិនត្រឹមតែបានគាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរនិងសន្តិភាពក្នុងតំបន់ផងដែរដែលជាការទប់ស្កាត់យ៉ាងខ្លាំងក្លាចំពោះការងើបឡើងវិញនៃយោធានិយមជប៉ុន ។ ជាពិសេសគឺឆ្នាំនេះជាខួបទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ទង្វើរបស់លោកស្រី Sanae Takaichi បានបដិសេធដោយផ្ទាល់ចំពោះសមិទ្ធផលជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន បង្ករឿងហេតុចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ហេតុនេះហើយ សារសំខាន់និងភាពចាំបាច់នៃការឆ្លើយតបវិញរបស់ប្រទេសចិនក៏មានភាពកាន់តែច្បាស់លាស់ដែរ ។
កាលពីខែកក្កដា ឆ្នាំនេះ គណបក្សសេរីប្រជាធិបតេយ្យរបស់លោកស្រី Sanae Takaichi បានចងសម្ព័ន្ធភាពជាមួយគណបក្សនវានុវត្តន៍ដែលជាគណបក្សស្តាំនិយមជប៉ុន ហើយកិច្ចព្រមព្រៀងស្តីពីការរួមគ្នាកាន់អំណាចរវាងគណបក្សទាំងពីរបានលើកឡើងយ៉ាងច្បាស់លាស់ថា”នឹងធ្វើវិសោធនកម្មមាត្រាទី ៩ នៃ«រដ្ឋធម្មនុញ្ញ»”និង”បន្ថែមមាត្រាស្តីពីភាពអាសន្ន” ដើម្បីបើកផ្លូវឱ្យជប៉ុនសម្រេចបាននូវ”ភាពប្រក្រតីឡើងវិញនៃកងទ័ព” ។
ទង្វើដ៏គ្រោះថ្នាក់មួយចំនួនរបស់ជប៉ុនបានបណ្តាលឱ្យមានការរិះគន់យ៉ាងទូលំទូលាយពីប្រទេសជិតខាង ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះករណីដែលថា លោកស្រី Sanae Takaichi បានអះអាងនាពេលថ្មីៗកន្លងទៅនេះថា កោះ Tokdo (ជប៉ុនហៅកោះ Takeshima )គឺជា”ទឹកដីមានស្រាប់”របស់ជប៉ុន ហើយបានផ្អាកសមយុទ្ធរួមរវាងកូរ៉េខាងត្បូងនិងជប៉ុនដែលពីមុនបានកំណត់ធ្វើនៅខែវិច្ឆិកា ឆ្នាំនេះ ។ល។ ទង្វើបង្ករឿងហេតុរបស់លោកស្រី Sanae Takaichi បានបណ្តាលឱ្យមានការប្រឆាំងតវ៉ានិងរិះគន់ព្រោងព្រាតពីប្រទេសជិតខាងជាច្រើន នេះបានបង្ហាញថា ជប៉ុនបានក្លាយជាប្រភពហានិភ័យដ៏ធំបំផុតនៃការបំផ្លាញសន្តិភាពនៅអាស៊ីបូព៌ារួចហើយ ។
មិនថាអ្នកណាឡើងកាន់អំណាចក៏ដោយ ក៏ជប៉ុនចាំបាច់ត្រូវគោរពតាមពាក្យសន្យារបស់ខ្លួននិងដើរតាមមាគ៌ាដែលអភិវឌ្ឍដោយសន្តិភាព ។ ប្រទេសចិននឹងបន្តចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់ទង្វែណាដែលចង់ឱ្យយោធានិយមងើបឡើងវិញ ព្រមទាំងគាំពារយ៉ាងមុតមាំនូវសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរនិងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ សហគមន៍អន្តរជាតិក៏គួរពួតដៃគ្នាដើម្បីមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញជាដាច់ខាត ក៏ដូចជាដាច់ខាតមិនអនុញ្ញាតឱ្យសន្តិភាពនិងស្ថិរភាពពិភពលោករងការបំផ្លាញម្តងទៀត ៕


