​អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម

ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។

លោកមឿន ចន្រ្ទាថា បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ ចាប់ផ្តើមពីខែឧសភា និងបញ្ចប់ទាំងស្រុងនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកពន្យល់ថា ប្រាសាទនេះខូចខាត និងទ្រុឌទ្រោមខ្លាំងនៅផ្នែកដំបូលដែលមានស្នាមប្រេះ និងហែកចេញពីគ្នា។ ការណ៍នេះធ្វើឱ្យមាន​ទឹកហូរច្រោះ ពេលមានភ្លៀងធ្លាក់ម្តងៗ។ មួយទៀត គឺតួខឿនប្រាសាទ មានការទ្រុឌទ្រោមខ្លាំងផងដែរ ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់។

ចំពោះបច្ចេកទេសជួសជុលប្រាសាទនេះ ក្រុមការងារបានសម្អាតកម្ទេចដី ឬសស្មៅ ដើមរុក្ខជាតិ និងព្យាយាមរកឥដ្ឋចាស់ៗដែលជ្រុះរាយប៉ាយនៅខាងក្រោម ឬនៅជុំវិញ ដោយពង្រឹងខឿន ដំបូល និងតួប្រាសាទឱ្យមានភាពរឹងមាំឡើងវិញ។

ក្នុងនាមជាអ្នកជួសជុលមួយរូប លោក មឿន ចន្រ្ទា មានមោទកភាពដែលរួមចំណែកជួសជុល ប្រាសាទដែលទ្រុឌទ្រោម ឱ្យងើបឈរ និងរឹងមាំឡើងវិញ។ អ្នកជំនាញរូបនេះរំពឹងថា ភ្ញៀវទេសចរនឹងចូលមកទស្សនាប្រាសាទភ្នំក្រោមឱ្យបានច្រើន ដ្បិតថាតំបន់នេះមានភាពអំណោយផល​គឺមានប្រាសាទបុរាណ ភ្នំ ទេសភាពវាលស្រែបៃតង ផ្ទៃបឹងទន្លេសាប និងផ្ទះតូចធំរបស់ប្រជាពលរដ្ឋ​ដែលរស់នៅជុំវិញភ្នំក្រោម៕

Written by 

Related posts

Leave a Comment