អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវឱ្យបងប្អូនពលករមកពីថៃទាក់ទង លេខ១២៩៧ ហើយបើគ្មានជំនាញក៏គ្មានបញ្ហាដែរ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ បើទោះជាពុំមានជំនាញ ក៏មិនមែនជាបញ្ហា។

លោក ស៊ុន មេសា បានបន្ថែមថា នៅទូទាំងប្រទេសកម្ពុជា នៅសល់ឱកាសការងារចំនួនជាង ៧៥ ៣០០កន្លែងថែមទៀត កំពុងរង់ចាំបងប្អូន។ ដូច្នេះសម្រាប់បងប្អូនពលករ និងប្រជាពលរដ្ឋ ដែលមិនមានជំនាញក៏អាចទាក់ទងមកលេខ ១២៩៧ បានដែរ ហើយក៏អាចទទួលបានឱកាសការងារធ្វើដូចគ្នា។

គួររំលឹកថា ក្នុងរយៈពេល ៣ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយវិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត បានជួយស្វែងរកការងារឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃវិញ បានជាង ៣៤ម៉ឺននាក់ ដោយក្នុងនោះប្រមាណ ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម៕

Written by 

Related posts

Leave a Comment