តៃវ៉ាន់ និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការចរចាជុំថ្មី ដែលផ្អាកកាលពី ៣ ឆ្នាំមុន ទាក់ទងនឹងការបញ្ជាទិញរបស់អាជ្ញាធរកោះនេះ សម្រាប់ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក MH-60R Seahawk ។

យោងតាមកាសែត Taipei Times ដែលរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បង្ហាញការត្រៀមខ្លួនក្នុងការបន្តការចរចាឡើងវិញលើការបញ្ជាទិញយន្តហោះទាំងនេះដោយទីក្រុងតៃប៉ិ។
បើតាមសេចក្តីរាយការណ៍របស់យោធាតៃវ៉ាន់ បានបញ្ជាក់ថា គ្រោងនឹងទិញចំនួន ១៣គ្រឿង ឬច្រើនជាងនេះ ដោយចំនួនចុងក្រោយនឹងត្រូវកំណត់បន្ទាប់ពីមានការពិភាក្សាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិករួចរាល់។

MH-60R គឺជាឧទ្ធម្ភាគចក្រសង្គ្រាមប្រឆាំងនាវាមុជទឹក ដែលដំណើរការដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហើយនៅតែមានតម្រូវការខ្ពស់ក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិក។
ការចរចាលើការបញ្ជាទិញនេះត្រូវបានធ្វើឡើង កាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលតៃវ៉ាន់ ពិចារណាទិញឧទ្ធម្ភាគចក្រចំនួន ១១ ឬ ១២ គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២២ ក្រសួងការពារជាតិរបស់កោះនេះ បានសម្រេចចិត្តផ្អាក ដោយលើកឡើងពីការចំណាយខ្ពស់នៃកិច្ចសន្យា ដែលមានចំនួន ១.១៥ ពាន់លានដុល្លារ៕

ដោយ៖ ពេជ្រ