យោងតាមរបាយការណ៍បានឲ្យដឹងថាក្លិបអ្នកមានបុណ្យ Barcelona គ្រោងនឹងទិញផ្តាច់ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Marcus Rashford ពី ក្រុមបិសាចក្រហម Manchester United នៅចុងបញ្ចប់រដូវកាលនេះ។
Rashford នៅរដូវកាល ២០២៥-២០២៦ ត្រូវបាន Barcelona ខ្ចីជើងពី Man United មួយរដូវកាល។ យ៉ាងណាចាប់តាំងពីផ្លាស់មកកាន់ទឹកដី អេស្ប៉ាញ ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំ បានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ដោយការបង្ហាញខ្លួនលើទីលានសរុបចំនួន ១១ ប្រកួត រូបគេរកបាន ៣ គ្រាប់ និង ៥ បញ្ជូន (assists)។ ក្រោយបង្ហាញសមត្ថភាពល្អបែបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ Barcelona ក៏ដូចជាគ្រូបង្វឹកលោក Hansi Flick ពេញចិត្តលើ Rashford ជាខ្លាំង។
យ៉ាងណាមិញថ្មីៗនេះសារព័ត៌មាន អេស្ប៉ាញ SPORT បានចុះផ្សាយថា ក្លិប Barcelona បានត្រៀមរួចរាល់ហើយ ដើម្បីទិញផ្តាច់យក Rashford នៅរដូវកាលក្រោយ ទោះបីជាមានការជជែកអំពីតម្លៃខ្លះ ដោយសារតែស្ថានភាពវិបត្តិហិរញ្ញវត្ថុក៏ដោយ។ ប្រភពដដែលបានបន្ថែមថា Barcelona អាចមានលទ្ធភាពទិញផ្តាច់យក Rashford ក្នុងតម្លៃ ៣៥ លានដុល្លារអាមេរិក តាមអ្វីដែល Man United ចង់បាន៕
