«នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃនេះ ខ្ញុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន ក្នុងការបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធានាសន្តិភាពក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាកម្ពុជា-ថៃ»។ នេះបើយោងតាមគណនីផ្លូវការរបស់ ឯកឧត្តម Anwar Ibrahim ផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានបន្ថែមថា៖ «ឯកឧត្តមប្រធានាធិបតី Trump បានទទួលស្គាល់ភាពជោគជ័យរបស់ប្រទេសម៉ាឡេស៊ីក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ថាជាសមិទ្ធិផលដ៏អស្ចារ្យដែលបង្ហាញពីអធិបតេយ្យភាពរបស់ប្រទេសម៉ាឡេស៊ី និងភាពរឹងមាំរបស់អាស៊ាន»។
ជាមួយគ្នានេះ ឯកឧត្តម Anwar ក៏បានសរសើរ ឯកឧត្តម Trump ចំពោះតួនាទីដែលសហរដ្ឋអាមេរិកកំពុងដើរតួក្នុងការធានាបទឈប់បាញ់រវាងកម្ពុជា-ថៃ។(AKP)
