(ភ្នំពេញ) “ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាព និងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុតចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្ល៉េះ”។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង រតនា អគ្គនាយក ស៊ីម៉ាក់ (CMAC) នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
ឯកឧត្តម បានបន្ថែមថា ការងារនេះបានចាប់ផ្តេីម និងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖
ទី១ ឆ្នាំ១៩៩២-១៩៩៨ គឺជាដំណាក់កាលធ្វេីការបោសសម្អាតមីន ដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍ និងគាំទ្រការតាំងទីលំនៅ និងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២-៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
ទី២ ឆ្នាំ១៩៩៨-២០០៣ គឺជាដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម!
ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះ មានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺ និងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។
ចំពោះរឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរ និងថៃបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារហេីយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ។
បន្ថែមពីលើនេះ ឯកឧត្តម បានបញ្ជាក់ថា៖ “ប្រសិនពិតជាអ្នកជិតខាងគ្នាល្អមែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រេីប្រាស់កម្លាំង និងច្បាប់សឹកស្អីនោះទេ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត”។(AKP)




