ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ជួបសំណេះសំណាលជាមួយគ្រួសារកងទ័ព និងប្រជាពលករដែលបានវិលត្រទ្បប់មកពីប្រទេសថៃ

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារកងទ័ព និងប្រជាពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ខណដែលពិធីនោះត្រូវបានរៀបចំធ្វើទ្បើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក រ៉ាប៊ុន បានសម្តែងនូវការស្វាគមន៍ដល់បងប្អូនពលករដែលត្រឡប់មកពីព្រំដែនកម្ពុជា-ថៃ ហើយក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងអស់ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនាពេលបច្ចុប្បន្ននេះ។

 ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យជឿជាក់លើប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី និងមានការចូលរួមពីសម្តេចតេជោក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននេះ។ ទន្ទឹមនោះឯកឧត្តម ក៏ផ្តល់អនុសាសន៍ណែនាំបន្ថែមដល់បងប្អូនគ្រួសារកងទ័ព និងពលករមកពីថៃ ត្រូវតាមដានតែព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។

បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តឱ្យបងប្អូនដែលត្រឡប់មកពី ប្រទេសថៃ ស្វែងរកការងារក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ជាពិសេសនៅខេត្តកំពង់ឆ្នាំង ជាខេត្តដែលមានសក្តានុពល និងកំពុងមានតម្រូវការកម្លាំងពលកម្មរាប់ពាន់កន្លែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក រ៉ាប៊ុន ក៏បានផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងដោះស្រាយនូវលទ្ធភាពដែលអាចធ្វើទៅបានជូនបងប្អូនប្រជាពលរដ្ឋពិសេសសម្របសម្រួលពាក់ព័ន្ធឯកសាររបស់ពួកគាត់ ក្នុងករណីដែលលក្ខខណ្ឌការងារតម្រូវ និងចូលរួមសម្របសម្រួលការអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាលសម្រាប់ជនរងគ្រោះ ដែលទទួលរងផលប៉ះពាល់ពីការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ៕

Written by 

Related posts

Leave a Comment