គិតត្រឹមសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ មានក្រុមខ្លាំងៗចំនួន ៣ ដែលរក្សាបាននូវកំណត់ត្រាមិនស្គាល់ចាញ់ រួមមានក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង កងយោធពលខេមរភូមិន្ទ(ទ័ព) និងភ្នំពេញក្រោន។

សម្រាប់ព្រះខ័នរាជស្វាយរៀង បានបន្ដជ័យជម្នះទី៤ របស់ខ្លួន ដោយយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា ២-០ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ។ ២គ្រាប់របស់ក្រុមការពារជើងឯកនេះ រកបានដោយកីឡាករ Odawara Takashi នៅនាទី៦៧ និងមិត្ដរួមក្រុម Peprah Kwame នៅនាទី៩០+២។ ជ័យជម្នះនេះ នាំឲ្យពួកគេ រក្សាបាននូវជ័យជម្នះ ១០០% ដោយរកបាន ១២ពិន្ទុ ដើម្បីគ្រងតំណែងកំពូលតារាងបណ្ដោះអាសន្ន។
រីឯក្រុមកងយោធពលខេមរភូមិន្ទ គឺរក្សាលទ្ធផលស្មើគ្នា ៣ប្រកួតជាប់គ្នា ក្នុងចំណោម ៤ប្រកួត (ប្រកួតដំបូងឈ្នះវិសាខា) នារដូវកាលថ្មីនេះ ក្រោយបន្ដប្រកួតស្មើក្រុមម្ចាស់ផ្ទះបឹងកេត ១-១ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ជំនួបដ៏តានតឹងនេះ បានអូសបន្លាយដល់ចុងម៉ោង ទើបមានគ្រាប់បាល់កើតឡើង ដែលរកបាន ១គ្រាប់មុន ដោយកីឡាករ ស្រេង សុខគា របស់ក្រុមកងយោធពលខេមរភូមិន្ទ នៅនាទី៨៧ មុនកីឡាករ ទូច ម៉ាណុច វាយបកគ្រាប់តាមស្មើឲ្យបឹងកេតវិញ នៅនាទី៨៩។

ចំណែកក្រុមភ្នំពេញក្រោន ដែលទើបឆ្លងកាត់បាន ៣ប្រកួត បានស្គាល់ជ័យជម្នះលើកដំបូង ក្រោយវាយបកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ៤-៣។ ការប្រកួតនេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះឡាយហ្វ បើកការនាំមុខក្រុមភ្ញៀវ ៣-១ មុន ដែលរកបានដោយកីឡាករ Kim Hyeon Su ២គ្រាប់ និង គួរ សុភ័ក្ដ្រ ១គ្រាប់។ បន្ទាប់មកភ្នំពេញក្រោន ក៏វាយបកបាន ៣គ្រាប់បន្ថែម នៅវគ្គទី១ ដោយកីឡាករ Maksym Priadun ដែលរកបាន ១គ្រាប់នៅនាទី១១ បានបន្ថែម ២គ្រាប់ និង ១គ្រាប់ទៀត រកបានដោយកីឡាករ Dyer Moses។
សរុបលទ្ធផលគិតត្រឹមសប្ដាហ៍ទី៤ នៃលីគរដូវកាលថ្មីនេះដែរ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងរកបាន ១២ពិន្ទុ, អង្គរថាយហ្គឺរ ឈរលេខ២ រកបាន ៩ពិន្ទុ, អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៣ រកបាន ៧ពិន្ទុ, កងយោធពលខេមរភូមិន្ទ ឈរលេខ៤ រកបាន ៦ពិន្ទុ ខណៈភ្នំពេញក្រោន និងបឹងកេត ឈរលេខ៥ និងលេខ៦ រកបាន ៥ពិន្ទុស្មើគ្នា៕
