ខេត្តរតនគិរី÷ រដ្ឋបាលខេត្តរតនគិរីបាននាំយកស្បៀង អាហារ ថវិកានិងម៉ូតូ ជាអំណោយបានមកពីប្រជាពលរដ្ឋនិងសប្បុរសជនក្នុងខេត្តប្រគល់ជូនកងពលធំ អន្តរាគមន៍លេខ៣ សមរភូមិមុខ ទិសព្រះវិហារកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥កន្លងទៅ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកឡើងថា នេះជាអំណោយបានមកពីប្រជាពលរដ្ឋនិងសប្បុរសជនក្នុងខេត្ត ជូនវីរកងទ័ពនៅសមរភូមិមុខ ទិសព្រះវិហារក្នុងនោះ រួមមាន: ម៉ូតូហុងដាវេវ ចំនួន ២គ្រឿង ព្រមទាំងថវិកាចំនួន ៩០.០០០.០០០.រៀល, អង្ករចំនួន ១២,៩តោន, ទឹកបរិសុទ្ធចំនួន ៣០០កេស, មីកេសធំចំនួន ១២០កេស, មីកេសតូចចំនួន ៦៧៥កេស, ទឹកផ្លែឈេីចំនួន ១៨៧កេស, ត្រីខកំប៉ុងកេសធំចំនួន ១៣កេស, និងគ្រឿងឧបភោគបរិភោគ សម្ភារប្រេីប្រាស់មួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា បន្ទាប់ពីបានយកស្បៀងអាហារជូនដល់វីរកងទ័ពនៅខេត្តព្រះវិហារ ក៏បានចុះសួរសុខទុក្ខទៅដល់វីរកងទ័ព ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ ចំនួន១១០នាក់ បានជូនជាថវិកាក្នុងម្នាក់ៗទទួលបានចំនួន ៥ម៉ឺនរៀល និងឧបត្ថម្ភ ថវិកាជូនទៅដល់មន្ទីរពេទ្យខេត្តព្រះវិហារចំនួន៥.០០០.០០០រៀល។

ឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន នៅសមរភូមិមុខ កងពលធំអន្តរាគមន៍លេខ៣ ដែលបានខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ ម៉ឺងម៉ាត់ គួរជាទីគោរព ដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។
ហើយអ្នកនៅសមរភូមិក្រោយ គឺមានតែលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំ ការលះបង់ ក្នុងបេសកកម្មដ៏ថ្លៃថ្លានេះរបស់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ តាមរយៈការគាំទ្រជាសម្ភារ ស្បៀង ក៏ដូចជាថវិកា ដែលបានពីការចូលរួមយ៉ាងក្លៀវក្លា ផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានានៅក្នុងខេត្តរតនគិរី ដែលបាននាំយកមកផ្ដល់ជូន ក្នុងពិធីជួបសួរសុខទុក្ខនៅថ្ងៃនេះ។
ក្នុងនាមឯកឧត្តមជាអ្នកនៅសមរភូមិក្រោយ គឺស្ថិតនៅជាមួយកងទ័ព ផ្ដល់នូវកម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រគ្រប់ពេលវលា ក្នុងបុព្វហេតុ ទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា៕


