កាលពីថ្ងៃទី២១ខែសីហា ពិធីអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xizang បានរៀបចំឡើងយ៉ាងឱឡារិកនៅក្រុង Lasa ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីអបអរសាទរនេះ ដើម្បីជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយប្រជាជនគ្រប់ជនជាតិនៃភូមិភាគ Xizang ។
ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ តើតំបន់នេះបានកើតមានបម្រែបម្រួលយ៉ាងខ្លាំងបែបណា?ហើយបានសម្រេចយ៉ាងដូចម្តេច?ពិធីអបអរសាទរនេះបានផ្តល់បង្អួចសម្រាប់ពិភពលោកសង្កេតមើល“អច្ឆរិយក្នុងលោកមនុស្ស”ដែលភូមិភាគស្វយ័ត Xizang បានបង្កើតនោះ ។
ភាពសប្បាយរីករាយរបស់ប្រជាជនក្នុងតំបន់គឺដោយមកពីទិន្នន័យដ៏រឹងមាំ៖ផលិតផលក្នុងស្រុកសរុបនៃភូមិភាគ Xizang នៅឆ្នាំ២០២៤បានឡើងដល់២សែន៧ម៉ឺន៦ពាន់៥រយលានយាន់ប្រាក់ចិន ត្រូវជាជាង១៥០ដងនៃឆ្នាំ១៩៦៥ ល្បឿនកំណើននៃសន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗឈរនៅលំដាប់ឈានមុខនៅទូទាំងប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ ប្រជាជនក្រីក្រដែលចុះឈ្មោះក្នុងបញ្ជីចំនួន៦សែន២ម៉ឺន៨ពាន់នាក់បានបម្រះខ្លួនចេញពីភាពក្រីក្រទាំងអស់ ភូមិភាគ Xizang បានដកខ្លួនចេញពីបញ្ហាក្រីក្រទាំងស្រុងដែលដំណើរការអស់រយៈពេលជាង១ពាន់ឆ្នាំ ។ អាយុកាលគិតជាមធ្យមតាមការរំពឹងទុករបស់ប្រជាជនភូមិភាគទាំងមូលបានលើកកម្ពស់ពី៦៨,១៧ឆ្នាំនៅឆ្នាំ២០១០ឡើងដល់៧២,៥ឆ្នាំនាពេលបច្ចុប្បន្ន ។ ភូមិភាគ Xizang ជាតំបន់មួយដែលមានបរិស្ថានអេកូឡូស៊ីល្អបំផុតលើពិភពលោក វប្បធម៌ប្រពៃណីដ៏ល្អផូរផង់ទទួលបានការអភិរក្សនិងអភិវឌ្ឍដែលកាលពីមុនមិនធ្លាប់មាន ។ល។ មតិអន្តរជាតិនាំគ្នាលើកឡើងថា បម្រែបម្រួលនៃភូមិភាគ Xizang មិនត្រឹមតែជាប្រវត្តិសាស្ត្រអភិវឌ្ឍន៍ក្នុងតំបន់របស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីវឌ្ឍនភាពខាងអរិយធម៌របស់មនុស្សជាតិផងដែរ ។
ហេតុអ្វីបានជាភូមិភាគ Xizang ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះបម្រែបម្រួលយ៉ាងខ្លាំងបែបនេះ? ការឆ្លើយសំណួរនេះជាការបូកសរុបចំពោះបទពិសោធន៍ខាងការអភិវឌ្ឍនៅកាលពីមុនផង ហើយក៏ជាការបំផុសគំនិតសម្រាប់បង្កើតអច្ឆរិយកាន់តែច្រើននៅពេលអនាគតផងដែរ ។
គឺនៅក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តចិន ភូមិភាគ Xizangបានបង្កើតរបបសង្គមនិយមនិងអំណាចប្រជាធិបតេយ្យរបស់ប្រជាជន អនុវត្តកំណែទម្រង់និងការបើកទូលាយ និងសម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ។ជាពិសេស ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងគោលការណែនាំសម្រាប់គ្រប់គ្រងភូមិភាគ Xizang របស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី ដែលកំណត់ជាក់លាក់នូវ “ព្រឹត្តិការណ៍ធំៗទាំងបួន”គឺស្ថិរភាព ការអភិវឌ្ឍ អេកូឡូស៊ីនិងពង្រឹងការកសាងតំបន់ព្រំដែន ដើម្បីដឹកនាំភូមិភាគ Xizangឱ្យឈានចូលដំណាក់កាលប្រវត្តិសាស្ត្រដែលទទួលការអភិវឌ្ឍល្អបំផុត មានបម្រែបម្រួលខ្លាំងបំផុតនិងប្រជាជនទទួលបានផលប្រយោជន៍ជាក់ស្តែងច្រើនបំផុត ។
ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ តំបន់នេះបានធ្វើការប្រយុទ្ធប្រឆាំងនឹងការបំបែកបំបាក់យ៉ាងស៊ីជម្រៅ បានកកើតជារបាំងដែកថែបសម្រាប់គាំពារស្ថិរភាព ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការស្តារនិងអភិវឌ្ឍ ។ ពីការដាក់ឱ្យប្រើប្រាស់នូវផ្លូវថ្នល់ Qinghai-Xizang និងផ្លូវថ្នល់ Sichuan-Xizang ដល់ការសាងសង់រួចនិងដាក់ឱ្យដំណើរការនូវផ្លូវដែកQinghai-Xizang ភូមិភាគ Xizang បានបង្កើតជាបណ្តាញគមនាគមន៍ចម្រុះដែលគ្របដណ្តប់ផ្លូវថ្នល់ផ្លូវដែកនិងអាកាសចរណ៍ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិភាគ Xizang អភិវឌ្ឍន៍យ៉ាងពេញទំហឹងនូវឧស្សាហកម្មទំនើបដូចជា ថាមពលស្អាត ឧស្សាហកម្មបៃតង ឌីជីថលបច្ចេកវិទ្យាខ្ពស់ថ្មីនិងទេសចរណ៍វប្បធម៌ជាដើម ដើម្បីដើរលើផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ដែល “តម្កល់ទុកអេកូឡូស៊ីជាអាទិភាព” ។
សព្វថ្ងៃនេះ ភូមិភាគ Xizang និងតំបន់ផ្សេងទៀតរបស់ចិនបានបោះជំហានក្នុងដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ទន្លេ Yarlung Zangbo ដែលហូរត្របាញ់នឹងបន្តធ្វើជាសាក្សីថា៖ភូមិភាគ Xizang នឹងទទួលសមិទ្ធផលកាន់តែត្រចះត្រចង់ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ៕

