ក្រុមហាម៉ាស់ ឱ្យអន្តរជាតិជួយទប់ស្កាត់អ៊ីស្រាអែល រឿងចង់វ៉ៃផ្ដាច់យកហ្គាហ្សា

ក្រុមហាម៉ាស បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារអ៊ីស្រាអែល ពីការពង្រីកប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប រហូតឈានដល់កាន់កាប់តំបន់ទាំងមូល។ នេះបើតាម លោក Khaled al-Qaddoumi តំណាងចលនាហាម៉ាសនៅក្នុងប្រទេសអ៊ីរ៉ង់។

លោក al-Qaddoumi បាននិយាយថា ពិភពលោកគួរតែជួយប្រទេសដែលត្រូវគេជិះជាន់ និងចាត់វិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់លោក Netanyahu ពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ដែលនាំទៅរកវិបត្តិអត់ឃ្លានកាន់តែធ្ងន់ធ្ងរ ។

ទន្ទឹមនោះ លោក ក៏បានសង្កត់ធ្ងន់ថា លោក Netanyahu មិនចង់ឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ជាមួយក្រុមហាម៉ាសទេ។ លោក បានលើកឡើងថា ផ្ទុយទៅវិញ លោក បំផ្លាញក្តីសង្ឃឹមទាំងអស់សម្រាប់កិច្ចព្រមព្រៀង ហើយបន្តសម្លាប់ប្រជាជន។

លោក បន្តថា យើងបានចូលរួមក្នុងកិច្ចសន្ទនាមនុស្សធម៌ និងស្នើដំណោះស្រាយ ក៏ដូចជាវិធានការជាក់ស្តែង សំដៅលើការបញ្ឈប់ការឈ្លានពានការបង្ហូរឈាម ដូចដែលបញ្ជាក់ដោយអ្នកសម្របសម្រួល។

អ្នកនាំពាក្យ ក៏បានចង្អុលបង្ហាញថា ភាពចាំបាច់ក្នុងការបើកប៉ុស្តិ៍ត្រួតពិនិត្យ និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌គ្រប់គ្រាន់ចូលទៅក្នុងហ្គាហ្សា ស្របតាមច្បាប់អន្តរជាតិ និងដោយគ្មានការចរចានយោបាយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក Netanyahu បានប្រកាសពីផែនការពង្រីកប្រតិបត្តិការយោធានៅហ្គាហ្សា ក្នុងគោលបំណងដ៏ធំក្នុងការកាន់កាប់តំបន់នេះ៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment