ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ហូរ ប៊ុនធី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ដឹកនាំ នាយ-ពលទាហាន អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព ចំនួន ៤រូប ដែលបានពលីក្នុងសង្គ្រាមឈ្លានពានរបស់ថៃ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នៅវត្តប្រាសាទរាជាសំរោង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ។

ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនោះដែរ លោកមេបញ្ជាការរង ក៏បានសំណេះសំណាល ចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការពលីដើម្បីប្រទេសជាតិ របស់វីរភាពកងទ័ពទាំង ៤រូប រួមមាន៖ យោធិនពលី នាយចំណង់ សំ សុគង់ឆាត, យោធិនពលី អនុសេនីយ៍ត្រី រុន សុខរ៉ា, យោធិនពលី អនុសេនីយ៍ឯក តុត ប៊ុនយឿន និងយោធិនពលី អនុសេនីយ៍ឯក សយ ប្រុស។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានចាត់ទុកការបាត់បង់វីរកងទ័ពពលីទាំង៤រូប ថា ជាការបាត់បង់នូវស្វាមី ឪពុក កូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសវីរកងទ័ពទាំង៤ បានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។

សូមជម្រាបថា ថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានប្រគល់ជូនគ្រួសារសព ក្នុងមួយគ្រួសារសព ទទួលបានថវិកាចំនួន ៨០លានរៀល និងជាងនេះទៅទៀត ចំពោះបំណុលរបស់ក្រុមគ្រួសារកងទ័ពពលីត្រូវបានធនាគារសម្រេចលុបចោលទាំងអស់ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕


