សមាជិកព្រឹទ្ធសភាប្រេស៊ីល លោក Carlos Viana បាននិយាយថា ការដាក់ពន្ធ ៥០ភាគរយ លើទំនិញប្រេស៊ីលដោយសហរដ្ឋអាមេរិកគឺបង្ហាញពីការព្រួយបារម្ភរបស់លោក ត្រាំ ចំពោះការពង្រឹងសហគមន៍ BRICS ប៉ុន្តែយកលេសការកាត់ក្តីអតីតមេដឹកនាំប្រទេសលោក Jair Bolsonaro បាំងមុខ។

លោក Viana បានលើកឡើងថា អាមេរិក កំពុងបារម្ភការអភិវឌ្ឍន៍ទៅមុខរបស់ BRICS យកលេសជាការដំឡើងពន្ធ ។
ទោះជាយ៉ាងណា យោងតាមព្រឹទ្ធសមាជិកដែលបានជួបជាមួយមន្ត្រីអាមេរិក និងអ្នកតំណាងគណបក្សសាធារណរដ្ឋដែលជាផ្នែកមួយនៃគណៈប្រតិភូប្រេស៊ីល អះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងទាមទារឱ្យប្រេស៊ីល ពិនិត្យឡើងវិញនូវគោលនយោបាយការបរទេសទាំងស្រុងជាមួយអាមេរិក ដើម្បីស្ដារទំនាក់ទំនងឡើងវិញផងដែរ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលដំឡើងពន្ធលើការនាំចូលពីប្រទេសប្រេស៊ីលដល់ ៥០ ភាគរយ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលប្រេស៊ីលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍។ សេចក្តីថ្លែងការណ៍ដដែល ក៏សង្កត់ធ្ងន់ថា ការដំឡើងពន្ធក៏ជាប់ទាក់ទងទៅនឹងសវនាការកាត់ក្តីរបស់ប្រធានាធិបតីប្រេស៊ីលមុនលោក Jair Bolsonaro ផងដែរ៕

ដោយ៖ ពេជ្រ