កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នៅទីស្តីការគណរដ្ឋមន្រ្តី។

ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានជម្រាបអំពីយន្តការដែលបានបង្កើតឡើង រួមទាំង គ.ប.ឆ.ប. ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ឯកឧត្តម ក៏បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិចំពោះកិច្ចប្រឹងប្រែងនេះ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានថ្លែងអំណរគុណចំពោះកម្ពុជាចំពោះកិច្ចសហការក្នុងការជួយសង្គ្រោះ និងបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីដែលជាជនរងគ្រោះពីការឆបោកត្រឡប់ទៅវិញ។ ឯកឧត្តម បានឯកភាពថា បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកល និងបានគាំទ្រចំពោះការបង្កើត គ.ប.ឆ.ប. ដែលស្របតាមស្មារតីអាស៊ាន។ ស្ថានទូតឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ និងបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការ រួមទាំងការសម្របសម្រួលការទទួលពលរដ្ឋឥណ្ឌូនេស៊ីដែលត្រូវបញ្ជូនត្រឡប់ទៅប្រទេសវិញ៕

Written by 

Related posts

Leave a Comment