លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖
បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖
១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។
២-ឃាត់ខ្លួនជនសង្ស័យសរុប ២ ២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ៧០២នាក់(ស្រី ៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) បង់ក្លាដេស ៧០នាក់(ស្រី ២៧នាក) ប៉ាគីស្ថាន ៤២នាក់(ស្រី ៣នាក់) និងជនជាតិផ្សេងៗទៀតរួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។
សូមបញ្ជាក់ជូនថារយៈពេលពីរថ្ងៃចុងក្រោយ យុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញបានរកឃើញជនបរទេសដែលបានចូលមកកម្ពុជាដើម្បីធ្វើសកម្មភាពល្មើសច្បាប់ Online Scam មានចំនួនដល់ទៅ ជិត១០០នាក់។
៣-ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀនអាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។
៤-ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕អត្ថបទ AKP




