មេបញ្ជាការកាំភ្លើងធំក្រុមហេសបូឡា ត្រូវអ៊ីស្រាអែលសម្លាប់

មេបញ្ជាការកាំភ្លើងធំរបស់ក្រុមហេសបូឡា លោក Mohammed Jamal Murad ត្រូវបានសម្លាប់ជិតអគារទីលំនៅមួយនៅតំបន់ Al-Mansouri ភាគខាងត្បូងប្រទេសលីបង់។

យោងតាមយោធាអ៊ីស្រាអែល បានឲ្យដឹងថា មេបញ្ជាការទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាច្រើនលើអ៊ីស្រាអែល ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កំពុងព្យាយាមស្តារឡើងវិញនូវសក្តានុពលកាំភ្លើងធំរបស់ក្រុមនេះ នៅតាមឆ្នេរសមុទ្រ។

យោធា បានបន្ថែមថា សកម្មភាពរបស់លោក Murad បង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែល និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែល បានវាយប្រហារតំបន់មួយផ្សេងទៀតនៃភាគខាងត្បូងប្រទេសលីបង់ ក្នុងគោលបំណងបំផ្លាញទីស្នាក់ការយោធាមួយរបស់ក្រុមហេសបូឡា ដែលអ៊ីស្រាអែល ពណ៌នាថាជាការរំលោភលើបទឈប់បាញ់៕

ដោយ៖ ពេជ្រ                   

Written by 

Related posts

Leave a Comment