ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបានឲ្យដឹងថា ទាហានកូរ៉េខាងជើងដែលបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីត្រូវបានចាត់តាំងឱ្យទៅកងពលតូចទ័ពអាកាស និងកងម៉ារីនរបស់រុស្ស៊ី ដោយពួកគេខ្លះបានចូលប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនរួចហើយផងដែរ។ សេវាស៊ើបការណ៍សម្ងាត់ជាតិកាលពីថ្ងៃពុធបានបង្ហាញជូនគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភានូវការវាយតម្លៃចុងក្រោយរបស់ខ្លួនលើកងទ័ពកូរ៉េខាងជើងទាំងនេះ។ ទាហានត្រូវបានគេរាយការណ៍ថាត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរុស្ស៊ីចំពេលដែលក្រុងម៉ូស្គូកំពុងបន្តលុកលុយអ៊ុយក្រែន។
សមាជិកសភាដែលបានចូលរួមសម័យប្រជុំសភាបានដកស្រង់សម្តីមន្ត្រីទីភ្នាក់ងារថា ទាហានកូរ៉េខាងជើងប្រហែល 11,000 នាក់ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់តំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីកាលពីចុងខែតុលា បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺននៅភាគឦសាននៃប្រទេស។ មន្ត្រីទីភ្នាក់ងារនេះក៏ត្រូវបានគេដកស្រង់សម្តីផងដែរ ដោយបាននិយាយថា កងទ័ពទាំងនោះត្រូវបានចាត់តាំងឱ្យទៅចូលរួមក្នុងកងពលតូចទ័ពអាកាស ឬកងម៉ារីនរបស់រុស្ស៊ីនៅលើដី ដោយខ្លះកំពុងឆ្លងកាត់ការហ្វឹកហ្វឺនក្នុងយុទ្ធសាស្ត្រ និងការឆ្លើយតបដោយយន្តហោះគ្មានមនុស្សបើក។
តាមរបាយការណ៍បានបញ្ជាក់ថា ទាហានផ្សេងទៀតបានចូលក្នុងការប្រយុទ្ធរួចហើយ ហើយពួកគេប្រហែលជាបានស្លាប់ និងរងរបួស។ មន្ត្រីបានបន្ថែមថា បច្ចប្បន្ននេះពួកគេកំពុងព្យាយាមកំណត់ទំហំនៃការខូចខាត និងព័ត៌មានលម្អិតផ្សេងទៀតទាក់ទងសកម្មភាពកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី។
ទីភ្នាក់ងារនេះក៏បានប្រាប់សមាជិកសភាថា កូរ៉េខាងជើងបាននាំចេញនូវកាំភ្លើងធំរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសរុស្ស៊ី រួមទាំងកាំភ្លើងបាញ់ដោយខ្លួនឯង និងគ្រាប់រ៉ុក្កែតទំហំ 240 មីលីម៉ែត្រជាច្រើនគ្រឿង បន្ថែមពីលើការនាំចេញគ្រាប់កាំភ្លើងធំ និងមីស៊ីលដែលបានរាយការណ៍ពីមុនមក។ សមាជិកសភាបានថ្លែងថា មន្ត្រីចារកម្មក៏បានលើកទ្បើងពីលទ្ធភាពដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីផងដែរ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងក៏ត្រូវបានគេរាយការណ៍ថាកំពុងតាមដានយ៉ាងដិតដល់នូវការផ្ទេរអាវុធ និងបច្ចេកវិទ្យាយោធាដែលអាចកើតមានពីរុស្ស៊ីទៅកាន់ភាគខាងជើងផងដែរ៕