យោងតាមរបាយការណ៍ពីក្រុមអ្នកស្រាវជ្រាវបរិស្ថាន បានឲ្យដឹងថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នាឆ្នាំក្រោយនេះនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា ផងនោះ វានឹងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់បរិយាកាសធ្ងន់ធ្ងរបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត។
របាយការណ៍ពីស្ថាប័នស្រាវជ្រាវបរិស្ថានសកល (SGR) ក៏បានធ្វើការគណនាអំពីការបំពុលបរិស្ថានខ្លាំងឡើង ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា «ការធ្វើចរាចរណ៍ទាំងលើផ្លូវគោក និងអាកាស វាកាន់តែធ្វើឱ្យកង្វក់បរិយាកាសកើនឡើង ក៏ព្រោះតែការប្រកួតច្រើន ដោយប៉ាន់ប្រមាណថា មានចំនួនប្រហែល ៩លានតោននៃកាបូនឌីអុកស៊ីត បំភាយទៅក្នុងបរិយាកាស»។
ទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏បានយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះដែរ ហើយក៏បានប្តេជ្ញាចិត្ត ដើម្បីកាត់បន្ថយការបំពុលបរិស្ថានឱ្យបាន ៥០% ត្រឹមឆ្នាំ២០៣០ និងឈានមកដល់ចំណុចសូន្យតែម្តង នៅឆ្នាំ២០៤០។
សូមជម្រាបថា ព្រឹត្តិការណ៍រាល់ ៤ឆ្នាំម្តងនេះ នឹងធ្វើឡើងនៅទឹកដីសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយចម្រាញ់យក ៤៨ប្រទេស (ក្រុម) ឡើងមកលេងជុំចុងក្រោយ៕
