នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់តាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមវត្តមាន ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែលពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលនៅតាមសងខាងតំបន់ព្រែកជីកហ្វូណនតេជោ ដោយនៅក្នុងនោះមានដូចជាគម្រោងផែរណប គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ គម្រោងទាក់ទងនឹងតំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្ម តំបន់អភិវឌ្ឍទេសចរណ៍ តំបន់តភ្ជាប់ជាមួយប្រព័ន្ធធារាសាស្រ្ត តភ្ជាប់ជាមួយច្រករបៀង និងតំបន់ប៉ូលសេដ្ឋកិច្ចផ្សេងទៀត៕







