រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃចន្ទ បានច្រានចោលការបន្តកិច្ចចរចារឡើងវិញជាមួយសហរដ្ឋអាមេរិក ហើយថា ទីក្រុងតេអេរ៉ង់ ត្រូវការការធានាជាមុនសិនថា ខ្លួននឹងមិនរងការវាយប្រហារម្តងទៀតឡើយ។

ការលើកឡើងរបស់ លោក Araghchi កើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ថាការចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ អាចបន្តឡើងវិញ នៅដើមសប្តាហ៍នេះ។
ទន្ទឹមនោះ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ខ្ញុំគិតថាការចរចានឹងមិនអាចចាប់ផ្តើមឡើងវិញលឿនបែបនេះ នោះទេ។ ប៉ុន្តែបើចង់ឲ្យវាលឿនដូច្នេះ អាមេរិក ត្រូវតែធានាជាដំបូងថា នឹងមិនត្រលប់មកវាយប្រហារអ៊ីរ៉ង់ ទៀតនោះទេ ។
ទោះជាយ៉ាងណា លោក បានបន្ថែមថា ក្រុងតេអេរ៉ង់ នឹងត្រៀមខ្លួន ដើម្បីការពារខ្លួនប្រសិនបើមានការវាយប្រហារណាមួយកើតឡើងម្ដងទៀត។
លោក បន្តថា យើងបានបង្ហាញឱ្យឃើញក្នុងអំឡុងជម្លោះរយៈពេល ១២ ថ្ងៃ មកនេះថាយើងមានសមត្ថភាពក្នុងការការពារខ្លួន ហើយយើងនឹងបន្តធ្វើដូច្នេះ ប្រសិនបើការឈ្លានពានណាមួយត្រូវបានចាប់ផ្តើមប្រឆាំងនឹងយើង។
គួរបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ បានជាប់គាំង បន្ទាប់ពីការវាយប្រហារដោយទីក្រុងវ៉ាស៊ីនតោន លើទីតាំងនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ និងការជ្រៀតជ្រែកមកក្នុងជម្លោះនេះផងដែរ៕

ដោយ៖ ពេជ្រ