បទវិភាគ៖ការបង្ករឿងហេតុដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ច្បាស់ជានឹងទទួលបរាជ័យ ការបំបែកបំបាក់ជាតិ មុខជានឹងរងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ជាមិនខាន

នាពេលថ្មីៗកន្លងទៅនេះ បុគ្គលវីលៀម ឡៃអ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិន បានធ្វើសកម្មភាពថ្លែងសុន្ទរកថាស្តីពីសាមគ្គីភាពចំនួន១០លើកនៅក្នុងកោះតៃវ៉ាន់ ។ ថ្លែងក្នុងសុន្ទរកថាជាលើកដំបូង  បុគ្គលវីលៀម ឡៃ បានកែប្រែប្រវតិ្តសាស្ត្រតៃវ៉ាន់ដោយចេតនាបដិសេធចំពោះការពិតដែលតៃវ៉ាន់ជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក ហើយជៀសវាងមិននិយាយពីឯកសារច្បាប់អន្តរជាតិសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់តៃវ៉ាន់ក្រោយសង្គ្រាមលោកលើកទីពីរ បំពានយ៉ាងកម្រោលលើសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងកិត្យានុភាពនៃច្បាប់អន្តរជាតិ។ ទង្វើរបស់បុគ្គលវីលៀម ឡៃគឺចង់ធ្វើជាសត្រូវរួមរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ និងចង់ធ្វើជាសត្រូវរបស់សណ្តាប់ធ្នាប់អន្តរជាតិនិងសច្ចយុត្តិធម៌ វាច្បាស់ជានឹងទទួលបរាជ័យជាក់ជាមិនខាន ។

អ្នកផងទាំងពួងសុទ្ធតែដឹងហើយថា ចិនដីគោកនិងចិនតៃវ៉ាន់មានសរសៃឈាមដូចគ្នា មានវប្បធម៌និងប្រវត្តិសាស្រ្តដូចគ្នា ប្រជាជននៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាជនជាតិចិន និងជាកូនចៅរបស់ស្តេចយាន់និងស្តេចហួង។ ចាប់តាំងពីរបានឡើងកាន់អំណាចមក អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ក៏បានខិតខំប្រឹងប្រែងលុបចោលខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិនលើវិស័យប្រវត្តិសាស្ត្រនិងវប្បធម៌ជាដើម។សុន្ទរកថារបស់បុគ្គលវីលៀម ឡៃលើកនេះ បានឃោសនាបំប៉ោងថា តៃវ៉ាន់មាន “លក្ខណៈពិសេស”លើវិស័យវប្បធម៌និងភាសាជាដើម តែចៀសវាងមិននិយាយពីអង្គហេតុប្រវត្តិសាស្ត្រពិតប្រាកដថា ប្រជាជនចិនបានអភិវឌ្ឍនិងកសាងតំបន់តៃវ៉ាន់មុនគេ ហើយរដ្ឋាភិបាលមជ្ឈិមចិនបានធ្វើអភិបាលកិច្ចនៅតំបន់តៃវ៉ាន់តាំងពីបុរាណកាលមក។ល។ 

ឆ្នាំនេះជាខួបទី៨០នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ហើយក៏ជាខួបទី ៨០នៃការស្ដារឡើងវិញរបស់តៃវ៉ាន់ផងដែរ ប្រការនេះ អាចធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅយល់ដឹងឱ្យបានច្បាស់ពីដំណើរដើមចមរបស់បញ្ហាតៃវ៉ាន់ ។

សូមបញ្ជាក់ថា «សេចក្តីប្រកាសក្រុងគែរ»នៅឆ្នាំ១៩៤៣និង«សេចក្តីប្រកាសផតស្ដាម»នៅឆ្នាំ១៩៤៥ បានកំណត់យ៉ាងច្បាស់លាស់ថា ជប៉ុនត្រូវសងទឹកដីចិនដែលលួចយក ក្នុងនោះរួមទាំងតំបន់តៃវ៉ាន់ផងឱ្យចិនវិញ ។ ជប៉ុនក៏បានប្រកាសថា ទទួលយក«សេចក្តីប្រកាសផតស្ដាម»និងចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ ឯកសារដែលមានសុពលភាពខាងផ្លូវច្បាប់អន្តរជាតិទាំងនេះ បានកកើតទៅជាចំណែកសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយក៏បានសឱ្យឃើញថា តំបន់តៃវ៉ាន់ជាទឹកដីមួយចំណែករបស់ចិន គឺជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើង រដ្ឋាភិបាលប្រជាជនមជ្ឈិមចិនបានជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលបានក្លាយជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល ជាការធម្មតាណាស់ក៏មានអធិបតេយ្យភាពទាំងស្រុងទៅលើតំបន់តៃវ៉ាន់ ។

បច្ចុប្បន្ននេះ លើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ នៅលើពិភពលោកមានប្រទេសចំនួន១៨៣បានបង្កើតទំនាក់ទំនងការទូតជាមួយចិន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់បានបាត់បង់អ្វីដែលហៅថា “ប្រទេសដែលមានទំនាក់ទំនងការទូត”ចំនួន១០ជាបន្តបន្ទាប់ នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានបដិសោធមិនឱ្យអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ចូលរួមក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។ល។ ប្រការទាំងនេះបានបង្ហាញថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ ហើយក៏ជាគោលបំណងជាទូទៅរបស់ប្រជាជននិងនិន្នាការដែលមិនអាចដើរបញ្រ្ចាសបានដែរ ។

ការបង្ករឿងហេតុដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ច្បាស់ជានឹងទទួលបរាជ័យ ការបំបែកបំបាក់ជាតិ មុខជានឹងរងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ជាមិនខាន ។ មិនថាអាជ្ញាធររបស់បុគ្គល វីលៀម ឡៃប្រើកលល្បិចយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែងនិងភាពយុតិ្តធម៌ដែលថា តៃវ៉ាន់ជាទឹកដីមួយចំណែករបស់ចិន ហើយក៏មិនអាចរង្គោះរង្គើដល់និន្នាការជាមូលដ្ឋាននៃសហគមន៍អន្តរជាតិដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយក៏កាន់តែមិនអាចរារាំងដល់និន្នាការទូទៅនៃប្រវត្តិសាស្ត្រដែលប្រទេសចិនប្រាកដជានឹងសម្រេចបាននូវការបង្រួបបង្រួមជាតិជាក់ជាមិនខានដែរ៕

Written by 

Related posts

Leave a Comment