កូរ៉េខាងត្បូង ឱ្យកូរ៉េខាងជើង ជូនដំណឹងមុនបើកទំនប់ទឹក ព្រោះខ្លាចគ្រោះទឹកជំនន់ភ្លាមៗ

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានស្នើសុំឱ្យកូរ៉េខាងជើង ផ្តល់ការជូនដំណឹងជាមុននៅពេលបញ្ចេញទឹកពីទំនប់ឆ្លងកាត់ព្រំដែន ដោយលើកឡើងពីហេតុផលមនុស្សធម៌។

ប្រទេសកូរ៉េខាងជើង ងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ដូច្នេះបានចាត់វិធានការដើម្បីការពារទឹកជំនន់ រួមទាំងការបញ្ចេញទឹកពីទំនប់នៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួន ដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាព និងទឹកជំនន់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល ដែលគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងជើង បានឲ្យដឹងថា ប្រជាជនកូរ៉េខាងត្បូង ៦ នាក់ ស្លាប់ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បើកទំនប់បញ្ចេញទឹកដោយមិនមានការជូនដំណឹងជាមុន។

លោកស្រី Chang Yoon-jeong អ្នកនាំពាក្យរងរបស់ក្រសួង ក៏បានប្រាប់អ្នកយកព័ត៌មានថា បញ្ហានេះគឺទាក់ទងដោយផ្ទាល់ទៅនឹងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែន។

អ្នកស្រី បានបន្ថែមថា ការឆ្លើយតបរួមគ្នាចំពោះគ្រោះមហន្តរាយធម្មជាតិគឺជាបញ្ហាមនុស្សធម៌ ហើយភាគខាងត្បូង និងខាងជើងបានព្រមព្រៀងគ្នាជាច្រើនដងក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីការពារការខូចខាតដោយទឹកជំនន់។

លោកស្រី បន្តថា អាស្រ័យហេតុនេះ យើងស្នើឱ្យខាងជើងជូនដំណឹងជាមុន នៅពេលរំដោះទឹកចេញពីទំនប់ ក្រោមហេតុផលមនុស្សធម៌ ដើម្បីទប់ស្កាត់ការខូចខាតដោយទឹកជំនន់នៅតំបន់ព្រំដែន ក្នុងរដូវវស្សា។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានរងការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ភាគខាងជើងរបស់ខ្លួននៅជិតព្រំដែនប្រទេសចិនកាលពីឆ្នាំមុន ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រាយការណ៍ថា ជនរងគ្រោះដោយទឹកជំនន់ជាង ១៥,០០០ នាក់ ត្រូវផ្លាស់ទីលំនៅទៅកាន់រដ្ឋធានី៕

ដោយ៖ ពេជ្រ                                

Written by 

Related posts

Leave a Comment