ខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រីកំពុងទទួលបានការជួសជុល និងថែទាំ

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ក្នុងបំណងសង្រ្គោះរចនាសម្ពន្ធ​ប្រាសាទនេះ ឱ្យមានភាពរឹងមាំឡើងវិញ។

លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាដំណាក់កាលទី២ នៃគម្រោងជួសជុលខ្លោងទ្វារនេះ បន្ទាប់ពីដំណាក់កាលទី១ធ្វើឡើងក្នុងឆ្នាំ២០២៤ ដោយក្នុងនោះបានសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងកិច្ចការមានកន្លងមកនៅប្រាសាទបន្ទាយប្រី។

ដោយសារកត្តាធម្មជាតិ អាយុកាលសំណង់ និងការរំខានដោយកត្តាមនុស្សផងនោះ ធ្វើឱ្យសំណង់ប្រាសាទនេះមានការបាក់បែក និងដួលរលំជាច្រើន ដែលទាមទារឱ្យ​មាន​ការសង្រ្គោះ និងជួសជុលពង្រឹងរចនាសម្ពន្ធឡើងវិញ។ ការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនេះ លោក ជា សារិទ្ធ បានបញ្ជាក់ថា ក្រុមការងាររបស់លោកបានរើ និងរៀបថ្មឡើងវិញទាំងស្រុង។ ពេលកំណាយសិក្សាគ្រឹះ គេប្រទះឃើញថ្មជញ្ជាំងនិងដំបូល លើកលែងតែថ្មខឿនដែលគេរកមិនឃើញ ប្រហែលគេដកយកទៅប្រើនៅទីតាំងផ្សេង។ ម្ល៉ោះហើយពេលជួសជុលគេត្រូវជំនួសថ្មថ្មី​ដើម្បីពង្រឹងរចនាសម្ពន្ធខឿនឱ្យរឹងមាំ។

គិតត្រឹមចុងខែមិថុនានេះ គម្រោងជួសជុលខ្លោងទ្វារទី២ខាងកើត កំពុងដំណើរការទៅមុខ​ដោយរលូន និងរំពឹងថា អាចនឹងបញ្ចប់រួចរាល់នៅចុងខែ វិច្ឆិកា ខាងមុខនេះ។

ទោះបីស្ថិត​នៅជិតប្រាសាទព្រះខ័ន ប៉ុន្តែមានទេសចរតិចណាស់ ដែលបានចូលទស្សនា​ប្រាសាទនេះ។ គម្រោងនេះធ្វើឡើងដោយអនុលោមតាមផែនការមេរបស់អាជ្ញាធរជាតិអប្សរា ដែលត្រូវធានាបាននូវសុវត្ថិភាពសំណង់ប្រាសាទ និងភ្ញៀវទេសចរ និងលើកតម្លៃសំណង់ស្ថាបត្យ​ប្រវត្តិសាស្ត្រសម័យអង្គរ។ លើសពីនោះ គឺការ ពង្រីកវង់ទស្សនាទៅកាន់ប្រាសាទបន្ទាយប្រី​ដើម្បីបញ្ចៀសការកកស្ទះពីប្រាសាទធំៗ។

សូមបញ្ជាក់ថា ប្រាសាទបន្ទាយប្រី មានទីតាំងស្ថិតនៅខាងជើងប្រាសាទព្រះខ័ន​ ហើយកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្មនទី៧ ស្ថិតក្នុងរចនាបថបាយ័ន នាចុងសតវត្សរ៍ទី១២ សង់ពីថ្មភក់លាយថ្មបាយក្រៀម មានកំពែង៣ជាន់ ហ៊ុំព័ទ្ធដោយកសិន្ធុទឹកមួយជាន់៕

Written by 

Related posts

Leave a Comment