នៅព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំពិធីប្រគល់-ទទួលអេក្រង់អិលអីឌីថ្មី សម្រាប់បំពាក់ក្នុងបន្ទប់បញ្ចាំងវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Sardar Umar Alam តំណាងការិយាល័យអង្គការយូណេស្កូភ្នំពេញ និងលោកស្រី Lee Sejin នាយិការរងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា។

ពិធីខាងលើ គឺជាសមិទ្ធិផលមួយនៃគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងដំណាក់កាលទី២ ដែលអនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអង្គការយូណេស្កូ ក្រោមការឧបត្ថម្ភគាំទ្រថវិកាដោយទីភ្នាក់ងារ KOICA។ ចាប់ពីដើមឆ្នាំ២០២៥ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកបានសហការជាមួយអង្គការយូណេស្កូ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍បច្ចេកទេសសោតទស្សន៍ ក្នុងបន្ទប់បញ្ចាំងវីដេអូ ដែលត្រូវបានកែលម្អពង្រីក និងអាចទទួលអ្នកទស្សនាបានច្រើនជាងមុន។
បន្ទប់វីដេអូខាងលើបញ្ចាំងភាពយន្តឯកសារខ្លីស្ដីពីប្រវត្តិមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជូនភ្ញៀវទស្សនាជារៀងរាល់ថ្ងៃដោយឥតគិតថ្លៃ។





