កងកម្លាំងអ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីល កាលពីយប់ថ្ងៃចន្ទ លើមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសកាតា និងអ៊ីរ៉ាក់ ដែលជាការសងសឹកចំពោះការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែរ និងបង្កើនភាពតានតឹងនៅក្នុងតំបន់។

អ៊ីរ៉ង់ បានប្រកាសតាមទូរទស្សន៍រដ្ឋថា ខ្លួនបានវាយប្រហារកងកម្លាំងអាមេរិកដែលឈរជើងនៅមូលដ្ឋានអាកាស Al Udeid របស់កាតា ដោយចាប់ទុកថាជា “ការឆ្លើយតបដ៏ខ្លាំងក្លា និងជោគជ័យ” ចំពោះការឈ្លានពានរបស់អាមេរិក។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីរ៉ង់ បានបញ្ជាក់ពីការវាយប្រហារនៅក្នុងប្រទេសកាតា ដោយបន្ថែមការឆ្លើយតបនេះមិនបង្កការគំរាមកំហែងណាមួយដល់ប្រទេសជិតខាងឈូងសមុទ្រខ្លួនឡើយ។
ទោះជាយ៉ាងណា កាតា បញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ដោយជោគជ័យ ផងដែរ។
ការវាយប្រហារនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីកាតា បិទដែនអាកាសរបស់ខ្លួនជាការប្រុងប្រយ័ត្នចំពេលមានការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។
បន្ទាប់ពីការវាយប្រហារសងសឹក ក្រសួងការបរទេសអ៊ីរ៉ាក់ ក៏បានព្រមានអំពីការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយ និងបង្កើនភាពតានតឹងនៅក្នុងតំបន់។
ជាមួយគ្នានោះ ក្រសួងការបរទេសប្រទេសនេះ បញ្ជាក់ម្តងហើយម្តងទៀតប្រឆាំងនឹងគ្រោះថ្នាក់នៃភាគីថ្មីដែលចូលរួមក្នុងជម្លោះ ដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយ និងភាពតានតឹងក្នុងតំបន់បន្ថែមទៀត។
គួរបញ្ជាក់ថា ការវាយប្រហារនេះ គឺមិនបង្កឲ្យមានអ្នករងរបួស និងស្លាប់នោះទេ ខណមីស៊ីលអ៊ីរ៉ង់ ដែលបាញ់ភាគច្រើនគឺត្រូវបានស្ទាក់ចាប់៕

ដោយ៖ ពេជ្រ