រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក អំពាវនាវឱ្យអាជ្ញាធរចិន បញ្ចុះបញ្ចូលអ៊ីរ៉ង់ កុំឱ្យបិទច្រកសមុទ្រ Hormuz ។

លោក Rubio បានលើកឡើងថា ជាការប្រសើរណាស់ ខ្ញុំលើកទឹកចិត្តឱ្យរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង ជួយសម្របសម្រួលលើរឿងនេះ ព្រោះអ៊ីរ៉ង់ ពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រ Hormuz សម្រាប់នាំចេញប្រេង។
ផ្ទុយទៅវិញ អនុប្រធានាធិបតីអាមេរិក J.D. Vance បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ NBC News ថា ការបិទច្រកសមុទ្រ Hormuz ដ៏មានសក្តានុពល គឺស្មើនឹងការសម្លាប់សេដ្ឋកិច្ចអ៊ីរ៉ង់ខ្លួនឯង។
លោក បានបន្តថា សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ទាំងមូលគឺចេញចូលកាត់ច្រកសមុទ្រ Hormuz នេះ។
គួរបញ្ជាក់ថា ក្រោយសហរដ្ឋអាមេរិក បើកការវាយប្រហារមក អ៊ីរ៉ង់ មានការខឹងសម្បារជាខ្លាំង ហើយព្រមាននឹងបិទទ្វារនាំចេញប្រេងមួយចំនួនទៅកាន់ទីផ្សារពិភពលោក ដែលនឹងជះឥទ្ធិពលធ្វើឲ្យតម្លៃមានការហក់ឡើង៕

ដោយ៖ ពេជ្រ