ឧត្តមសេនីយថៃ ឲ្យពលរដ្ឋជឿជាក់លើកងទ័ព និងរួបរួមការពារអធិបតេយ្យភាព

ប្រមុខកងទ័ពសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព ដោយជំរុញឱ្យប្រជាជនថៃរួបរួមគ្នាការពារប្រទេសជាតិ ចំពេលមានភាពតានតឹងផ្នែកនយោបាយ នាពេលបច្ចុប្បន្ននេះ។

លោកឧត្តមសេនីយ Pana Klaewblaudtuk អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ (RTA) នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសថៃ។

ទោះជាយ៉ាងណា លោក បាន​ជំរុញ​ប្រជាជន​ថៃ​ឲ្យ​ជឿជាក់​លើ​កងទ័ព​ដែល​ប្រកាន់ខ្ជាប់​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​លើក​កម្ពស់​របប​ប្រជាធិបតេយ្យ​ដោយ​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខ​រដ្ឋ។

លោក បានបន្ថែមថា កងទ័ព ត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតួនាទីរបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាពជាតិឱ្យអស់ពីសមត្ថភាព ដោយប្រើយន្តការដែលមានស្រាប់។

មេទ័ពរូបនេះ ក៏បានសង្កត់ធ្ងន់ថា បើពិចារណាស្ថានការណ៍ឱ្យគ្រប់ជ្រុងជ្រោយ កត្តាសំខាន់បំផុតនៅពេលនេះ គឺប្រជាជនថៃត្រូវតែរួបរួមគ្នាក្នុងការការពារអធិបតេយ្យភាព។

យោងតាម អ្នកវិភាគនយោបាយ បានយល់ថា សេចក្តីថ្លែងការណ៍របស់មេទ័ពរូបនេះ មានគោលបំណងច្រានចោលពាក្យចចាមអារ៉ាមអំពីការធ្វើរដ្ឋប្រហារយោធាដែលកំពុងកើតមាន ចំពេលការកើនឡើងនូវភាពចលាចលនយោបាយនៅក្នុងរដ្ឋាភិបាល និងភាពតានតឹងព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment