ស្នងការខេត្តរតនគីរីចុះសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងនគរបាលការពារព្រំដែនគោក

ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីបានចុះត្រួតពិនិត្យកម្លាំងនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ កាលពីថ្ងៃទី១៦​ ខែមិថុនាកន្លងទៅនេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត បានបញ្ជាក់ឲ្យនៅថ្ងៃទី១៧មិថុនា ថា បន្ទាប់ពីចុះក្តាប់សភាពការណ៍តាមតំបន់ព្រំដែន ព្រមទាំងចុះសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លំាងនគរបាលការពារព្រំដែនគោកលេខ២០៣ បានពិនិត្យកម្លាំងដែលបានរៀបចំ និងកំពុងធ្វើការហ្វឹកហាត់យុទ្ធវិធីដូចជា ការប្រើប្រាស់អាវុធ វិធីក្លែងភេទ​ ដោយការហ្វឹកហាត់នេះ គឺសំដៅត្រៀមអន្តរាគមន៍រងចាំបទបញ្ជារបស់រាជរដ្ឋាភិបាល ចំពោះស្ថានភាពដែលកំពុងប្រឈមចំពោះមុខនៅតាមតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកឧត្តមសេនីយ៍ទោស្នងការ បានចុះសួរសុខទុក្ខកងកម្លាំងក៏បាននាំយកគ្រឿងឧបភោគ បរិភោគមានដូចជា៖ អង្ករ មីកញ្ចប់ ទឹកសុទ្ធ ភេសជ្ជៈ និងសម្ភារៈមួយចំនួនទៀតដើម្បីផ្តល់ជូនដល់កងកម្លាំងដែលកំពុងត្រៀមកម្លាំងទ្រទ្រង់សភាពការណ៍ពេលនេះផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការក៏បានមានប្រសាសន៍ទៅកាន់កងកម្លាំងនគរបាលដែលឈរជើងនៅតាមបន្ទាត់ព្រំដែនជំរុញដល់កងកម្លាំងទាំងមូលត្រូវខិតខំហ្វឹកហាត់ រក្សាស្មារតី វិន័យកងកម្កាំង ភាពស្មោះត្រង់ និងស្តាប់បទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសគឺប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមលើនេះលោកស្នងការបានដឹកនាំឲ្យកងកម្លាំងត្រៀមរៀបចំឲ្យបានរួចរាល់នូវ អាវុធយុទ្ធភណ្ឌ សម្ភារៈផ្គត់ផ្គង់ដល់ការទ្រទ្រង់សភាពការណ៍ឲ្យបានទាន់ពេលវេលា នៅពេលមានតម្រូវការចាំបាច់ពីរាជរដ្ឋាភិបាល៕

Written by 

Related posts

Leave a Comment