ខេត្តស្វាយរៀង៖សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តស្វាយរៀង បានណែនាំដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីបក្សចុះជូយមូលដ្ឋានខេត្ត បន្តគ្រប់គ្រងសមាជិកបក្ស និងពង្រីកសមាជិកគណបក្សថ្មី ឲ្យបានគ្រប់មូលដ្ឋាន សំដៅធានាច្បាប់យកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងពេលបោះឆ្នោត ផ្តល់តួនាទីជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនិងអភិវឌ្ឍន៏ប្រទេសឲ្យបានគ្រប់ៗអាណត្តិ ។

ការថ្លែងនិងមានប្រសាសន៍ របស់សម្ដេចបែបនេះ បានធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមវត្តមានចូលរួមពី ក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយមូលដ្ឋានក្នុងខេត្តស្វាយរៀងប្រមាណជាង៥០០នាក់ផងដែរ។
ក្នុងនាមប្រធានក្រុមការងារ សម្ដេចកិតិ្តសង្គហបណ្ឌិត បានសម្ដែងនូវការកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីគណបក្សថ្នាក់កណ្ដាលដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យ ទាំងការងារសន្តិសុខ សេដ្ឋកិច្ច និងជីវភាព បង្កគ្រប់លក្ខណៈសម្បត្តិឲ្យពលរដ្ឋចូលរួមបង្កបង្កើនផលនិងប្រកបរបរផ្សេងៗប្រកបដោយសុវត្ថិភាពនិងសន្តិសុខល្អ។

សម្ដេចក៏បានណែនាំនិងជំរុញដល់ក្រុមការងារ បន្តចុះផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី២ ទី ៣ ខែមិថុនា ដែលរួមមានប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម ផ្សព្វផ្សាយគោលនយោបាយសំខាន់ៗរបស់គណបក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេសសមិទ្ធផលទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច បន្តក្តាប់ជាប់ជាប្រចាំសភាពការណ៏ សតិអារម្មណ៍ទាំងក្នុងគណបក្ស ក្នុងចំណោមប្រជាជន មហាជន និងបន្តអប់រំ ពលរដ្ឋ យុវជនដើម្បីធានាដល់ការអនុវត្តរាល់ភារកិច្ចការនយោបាយ របស់គណបក្សប្រកបដោយប្រសិទ្ធភាព។

សម្ដេចក៏បានជំរុញដល់ក្រុមការងារយុវជនគណបក្សត្រូវបន្តខិតខំចលនាកម្លាំងយុវជនគណបក្សគ្រប់ថ្នាក់ឱ្យសកម្មចូលរួមគ្រប់ការងារសង្គមដឹកនាំយុវជនចូលរួមធ្វើសកម្មភាពបម្រើការងារគណបក្ស ទាំងការងារនយោបាយ សតិអារម្មណ៏ និងចាត់តាំង ជាពិសេសចំពោះមុខត្រូវចូលរួមបំផុសចលនាយុវជនឲ្យមានមនសិការស្នេហាជាតិ មានគំនិតជាតិនិយម ស្រឡាញ់សន្តិភាព មានគោលជំហជឿជាក់ការនាំដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល និងចំពោះមុខត្រូវចូលរួមយ៉ាងសកម្មក្នុងការតាមដាននិងទប់ស្កាត់ឲ្យបាននៅរាល់ការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងក្នុងគោលបំណងផ្ដួលរាជរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។

ទាក់ទងទៅនិងគំនិតផ្តួចផ្តើម របស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា ស្នើដល់ថ្នាក់ដឹកនាំបក្ស ក៏ដូចរដ្ឋបាលខេត្ត ស្រុក ក្រុង អោយមានការលើកស្លាកស្តីពីដំណើរការស្វែងរកការផ្តួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់សម្តេចតេជោ និងឥស្សរជន សម្តេចបានឯកភាព ដោយធ្វើការណែនាំដល់មន្ត្រីបក្ស រដ្ឋបាលខេត្ត ស្រុក ក្រុងត្រូវរករូបដើម្បីលើកអោយបានគ្រប់មូលដ្ឋាន និង ចលនាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ពីវីរភាពនៃការលះបង់របស់ប្រមុខដឹកនាំគណបក្សរបស់យើងនាពេលកន្លងមក សំដៅឲ្យពលរដ្ឋ ពិសេសយុវជនបន្តថែរក្សាសមិទ្ធផលនេះឲ្យបានគង់វង់ទៅថ្ងៃអនាគត៕គឹមសេង





