ខេត្តរតនគិរី÷ តាមរយ:ការដាំដុះ បន្លែចម្រុះរបស់កសិករ១គ្រួសារអាចរកចំណូលបានពី៥-៦ម៉ឺនរៀលត្រឹមរយៈពេល១ព្រឹក ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។ នេះបើតាមការលើកឡើងពី លោក ស៉ីម សំ អាយុ៥៤ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិអូរក្រែង សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី។

លោក ស៉ីម សំ បានឲ្យដឹងទៀតថា ជួលដីគេដាំចំនួន៤ហិកតា សម្រាប់ដាំបន្លែចម្រុះនេះរយៈពេល៥-៦ឆ្នាំមកហើយ មិនថារដូវប្រាំង រឺរដូវវស្សានោះទេ ដោយលោកមិនទុកពេលវេលាឲ្យរំលងដោយគ្មានប្រយោជន៍នោះទេ ព្រោះវាអាចបង្កើនចំណូលក្នុងគ្រួសារបាន តាមរយៈ ការដាំដុះបន្លែចម្រុះនេះ។
លោកថា បន្លែបានក្លាយជាទិសដៅថ្មីសម្រាប់លោកបានបង្កើនប្រាក់ចំណូលគ្រួសារបន្លែដែលលោកដាំ មានដូចជា៖ ននោង, ឃ្លោក, ម្ទេស,ពោត, សណ្តែកគួ, ដោយឡែកដំឡូងមី ក៏លោកដាំផងដែរ ដើម្បីកុំឲ្យទុកផ្ទៃដីទំនេចោល។

លោកបានបន្ថែមទៀតថា បន្លែ របស់លោកមិនលំបាករកទីផ្សារ នោះទេ ព្រោះពេលលោកដឹកយកទៅលក់នៅទីផ្សារ មាន អាជីវករចាំទទួលទិញយកទៅលក់បន្ត អស់ៗរាល់ព្រឹក។
ហើយបន្លែធម្មជាតិដាំខ្លួនឯងយើងហូបទៅសុខភាពល្អអត់មានឈឺក្រពះ អត់មានរាករូស និងជំងឺអ្វីនោះទេ ដូចពីមុនយើងហូបបន្លែគេតែខុសយើងរាករូស ហើយដែលយើងមានបន្លែធម្មជាតិហូបខ្លួនឯងយើងអត់មានជួបបញ្ហាអ្វីច្រើនទេ ជួយទាំងប្រាក់ចំណូលយើងជួយទាំងសុខភាពយើងព្រោះបន្លែយើងដាំផ្ទាល់ដៃយើងហូបខ្លួនឯង៕


