អ៊ុយក្រែន និងរុស្ស៊ីអាចនឹងជួបពិភាក្សាកម្រិតបច្ចេកទេសនៅបុរីវ៉ាទីកង់នាសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមការអះអាងរបស់លោកប្រធានាធិបតីហ្វាំងទ្បង់។

ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានថ្លែងទៅកាន់ទូរទស្សន៍សាធារណៈរបស់ប្រទេសហ្វាំងទ្បង់ឈ្មោះ Yle អំពីលទ្ធភាពជួបពិភាក្សាគ្នាកម្រិតមន្ត្រីបច្ចេកទេសរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃពុធ។
ការកត់សម្គាល់របស់លោក Alexander Stubbបានកើតឡើងបន្ទាប់ពីលោកបាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងអ្នកផ្សេងទៀតបន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់កាលពីសប្តាហ៍មុនរវាងអ៊ុយក្រែននិងរុស្ស៊ីនៅក្នុងប្រទេសទួរគី។
លោក Stubb តាមសេចក្តីរាយការណ៍បាននិយាយថា សហរដ្ឋអាមេរិកមិនបានដើរថយក្រោយពីតួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួលទេ ហើយថាអឺរ៉ុបកំពុងចូលរួមកាន់តែច្រើននៅក្នុងក្របខ័ណ្ឌបទឈប់បាញ់។
មន្ត្រីជាន់ខ្ពស់មកពីអ៊ុយក្រែន និងរុស្ស៊ីបានជួបពិភាក្សាដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ពួកគេបានធ្វើការជឿនលឿនបន្តិចបន្តួចចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែបានយល់ព្រមចំពោះការដោះដូរអ្នកទោសទ្រង់ទ្រាយធំ។
សម្តេចប៉ាប Leo XIV តាមសេចក្តីរាយការណ៍បានស្នើឱ្យធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរនៅបុរីវ៉ាទីកង់។ សម្តេចសង្ឃថ្មីកំពុងអំពាវនាវឱ្យមានការដោះស្រាយជម្លោះដោយសន្តិវិធីនៅក្នុងតំបន់ផ្សេងៗទៀតផងដែរ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរដល់សម្តេចប៉ាបបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងសម្តេចកាលពីថ្ងៃទី ៨ឧសភា។ លោក Zelenskyy ក៏បានជួបសម្តេចប៉ាបបន្ទាប់ពីពិធីសម្ពោធអភិបូជារបស់សម្តេចប៉ាបថ្មីកាលពីថ្ងៃអាទិត្យផងដែរ៕

ដោយ៖ ពេជ្រ