Barcelona បានឈ្នះពាន LaLiga ជាលើកទី ២៨ របស់ពួកគេកាលពីយប់ ក្រោយផ្តួលគូប្រជែងក្នុងទីក្រុងរួមគ្នា Espanyol ក្នុងលទ្ធផល ២-០ ដោយបានរក្សាការនាំមុខ ៧ ពិន្ទុពីក្រុមលេខ ២ Real Madrid ខណៈការប្រកួតនៅសល់២ប្រកួតទៀត។
បន្ទាប់ពីចាញ់ Barcelona ៤-៣ កាលពីថ្ងៃអាទិត្យ Real ត្រូវការឈ្នះការប្រកួត៣ប្រកួតចុងក្រោយរបស់ពួកគេ ហើយសង្ឃឹមថា ក្រុមកំពូលតារាង មិនរកបានច្រើនជាងមួយពិន្ទុក្នុងរយៈពេលដូចគ្នា ដើម្បីរក្សាឱកាសណាមួយក្នុងការដណ្តើមពាន។
ទោះជាយ៉ាងណាក៏ដោយ ក្តីសង្ឃឹមដណ្តើមពានរបស់ Real បានរលាយសូន្យ នៅពេលដែល Lamine Yamal ស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី ៥៣និងកីឡាករ Fermin Lopez បន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី (90’+5)។
លទ្ធផលនេះបានធ្វើឲ្យ Barca របស់លោក Hansi Flick មាន ៨៥ ពិន្ទុ នាំមុខ ៧ ពិន្ទុពីក្រុមម្ចាស់ជើងឯក Real កាលពីរដូវកាលមុន ខណៈ Atletico Madrid លេខ ៣ មាន ៧០ ពិន្ទុ។ វាជារដូវកាលដំបូងដ៏អស្ចារ្យរបស់ Barca សម្រាប់គ្រូបង្វឹក Hansi Flick ខណៈដែលក្រុមរបស់លោកបានឈ្នះ LaLiga និង Copa del Rey ៕
