រាជធានីភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកកម្សាន្ត និងស្នាក់នៅក្នុងប្រទេសកម្ពុជា មានជាង៦លាន៧០ម៉ឺននាក់ ក្នុងកំណើន២២,៩ភាគរយ បើធៀបនឹងឆ្នាំ២០២៣។

របាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ ដែលបានបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយសូចនាករទេសចរណ៍ និងស្ថិតិទេសចរផ្លូវការឆ្នាំ២០២៤ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ចំនួននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនេះ បាននាំមកនូវចំណូលជាង៣.៦៣៧លានដុល្លារអាមេរិក កើនឡើង១៨ភាគរយ និងបានបង្កើតមុខរបរ និងការងារទេសចរណ៍ជាង៥១ម៉ឺននាក់។ វិស័យទេសចរណ៍ បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ៩,៤ភាគរយ។
ទេសចរអន្តរជាតិ ដែលចូលមកកម្ពុជាច្រើនជាងគេ គឺមកពីបណ្តាប្រទេសនៃសហគមន៍អាស៊ាន ខណៈឈររៀងខ្ពស់បន្ទាប់ដោយប្រទេសចិន ហុងកុង ជប៉ុន កូរ៉េ។ ក្រសួងទេសចរណ៍ បានឱ្យដឹងបន្ថែមថា គ្រាឆ្នាំកន្លងទៅទេសចរជាតិ ដែលទៅកាន់តំបន់ទេសចរណ៍នានាមានជាង២២លាន៥២ម៉ឺននាក់ ក្នុងនោះទេសចរជាតិចេញទៅក្រៅប្រទេសមានជាង១លាន៨៥ម៉ឺននាក់។

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តួលេខនេះពុំមែនបានមកដោយការជប់នោះទេ ប៉ុន្តែវាបានដោយការវាស់វែងតាមសូចនាករត្រឹមត្រូវនៃប្រព័ន្ធអង្កេតទិន្នន័យ។ ការវាយតម្លៃ គឺឈរលើមូលដ្ឋានពិតប្រាកដ។ របាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ បានបង្ហាញបន្ថែមថា ទេសចរអន្តរជាតិ ដែលចូលមកកម្ពុជា គឺចូលតាមច្រកអន្តរជាតិចំនួន២៧របស់កម្ពុជា ក្នុងនោះមានច្រកអាកាសយានដ្ឋានអន្តរជាតិចំនួន៣, ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចំនួន៨, ច្រកព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ចំនួន១១, ច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ ចំនួន១, និងតាមច្រកកំពង់ផែសមុទ្រ និងទន្លេ ចំនួន៤។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងស្ថាប័នពាន់ព័ន្ធ រួមនឹងវិស័យឯកជន ក្នុងការស្តារលើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ៕




