​អភិបាលខេត្ត បំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ជិត២០០នាក់

ខេត្តតាកែវ៖ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធបិតីភាពក្នុងចំពិធីបំពាក់ឯកសណ្ឋានដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាខេត្តតាកែវចំនួន ១៩៦រូប  ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធានអចិន្ត្រៃយ៍ អនុប្រធានគណៈកម្មាធិការសាខា សមាជិកគណៈកម្មការសាខា លោកគ្រូ អ្នកគ្រូ ដែលជាអ្នកដឹកនាំ និងបណ្ដុះបណ្ដាលយុវជនកាកបាទក្រហម និងជាពិសេសក្មួយៗយុវជនកាកបាទក្រហម ដែលជាកម្លាំងស្នូលដ៏សំខាន់របស់សាខា។

លោក វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា លោកគ្រូ អ្នកគ្រូ និងជាពិសេសក្មួយៗយុវជនកាកបាទក្រហមទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌នានារបស់សាខា ជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះនៅតាមមូលដ្ឋាននានរបស់ខេត្តតាកែវ ។

លោកអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ការបំពាក់ឯកសណ្ឋាននាពេលនេះ មិនត្រឹមតែជាការផ្តល់នូវសម្លៀកបំពាក់មួយឈុតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃស្មារតីស្ម័គ្រចិត្ត ភក្តីភាព ចំពោះគោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហម និងជាការលើកទឹកចិត្តឱ្យក្មួយៗបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញ ដើម្បីក្លាយជាយុវជនគំរូ ជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ប្រទេសជាតិ។

លោក  វ៉ី សំណាង អភិបាលខេត្ត បានផ្ដាំផ្ញើដោយក្តីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ដល់ក្មួយៗយុវជនកាកបាទក្រហមទាំងអស់ថា៖ “ក្មួយៗជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។ ការចូលរួមក្នុងចលនាកាកបាទក្រហម គឺជាឱកាសដ៏ល្អមួយសម្រាប់ក្មួយៗក្នុងការរៀនសូត្រ ស្វែងយល់អំពីតម្លៃមនុស្សធម៌ ការជួយគ្នាទៅវិញទៅមក និងការលះបង់ដើម្បីសង្គម។ អាស្រ័យហេតុនេះ សូមក្មួយៗបន្តខិតខំប្រឹងប្រែងសិក្សា រៀនសូត្រឱ្យបានពូកែ ក្លាយជាសិស្សល្អ កូនល្អ និងជាពលរដ្ឋល្អ ដើម្បីជាទុនដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាជាទីស្រឡាញ់របស់យើងឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀតនាថ្ងៃអនាគត”។

តំណាងយុវជនកាកបាទក្រហមដែលចូលរួមបំពាក់ឯកសណ្ធាននាឱកាសនោះ ក៏បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មមនុស្សធម៌ និងរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ពិសេសគឺការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕តាកែវ

Written by 

Related posts

Leave a Comment