ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូនិងទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ប៉ុន្តែរត់គេចខ្លួនមិនផុតជាប់ខ្នោះ។

ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចចម្ការស្វាយចន្ទីរ ស្ថិតក្នុងភូមិប៉ាទាត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡន ឈាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅក្នុងភូមិកាណាងកេត ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី បានធ្វើសកម្មភាពលួចយកម៉ូតូ និងទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ ពេជ្រ ស្រីរដ្ឋ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ចំនួន ៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី មាស ចំរើន មេបញ្ជាការរងស្រុក ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ពីលោក ឡេង ស៊ុយទ្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសាកសួរ រួចបញ្ជូនបន្តមកកាន់ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។
វត្ថុតាងដកហូត ម៉ូតូ១គ្រឿងម៉ាក វ៉េវ ឆ្លាម ពណ៌ក្រហមនិងទូរស័ព្ទដៃម៉ាក អាយហ្វូនចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណំុរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធី៕

