អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tammy Bruce បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេទ័ពប៉ាគីស្ថាន លោក Asim Munir កាលពីថ្ងៃសុក្រ បានពិភាក្សាគ្នាក្នុងការដោះស្រាយជម្លោះឥណ្ឌា និងប៉ាគីស្ថាន។

អ្នកការទូតរូបនេះ បានកត់សម្គាល់ថា រដ្ឋលេខាធិការ លោក Marco Rubio និយាយជាមួយមេបញ្ជាការប៉ាគីស្ថាន លោក Asim Munir ដោយបន្តជំរុញឱ្យភាគីទាំង ២ ស្វែងរកវិធីកាត់បន្ថយភាពតានតឹង និងផ្តល់ជំនួយដល់សហរដ្ឋអាមេរិកក្នុងការចាប់ផ្តើមកិច្ចចរចាក្នុងន័យស្ថាបនា ដើម្បីជៀសវាងជម្លោះនាពេលអនាគត។
ទោះជាយ៉ាងណា នាពេលថ្មីៗនេះ ឥណ្ឌា បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាកាសប៉ាគីស្ថាន។ អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន បាននិយាយថា ការវាយប្រហារនេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់ និងអស្ថិរភាព។ ជាការឆ្លើយតប ប៉ាគីស្ថាន បានប្រកាសបើកប្រតិបត្តិការ Bunyan Ul Marsoos ៕


ដោយ៖ ពេជ្រ