​កិច្ចប្រជុំស្តីពី ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ក្របខ័ណ្ឌកម្មវិធីសិក្សានៅវិទ្យាស្ថានជាតិអប់រំ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ក្របខ័ណ្ឌកម្មវិធីសិក្សានៅវិទ្យាស្ថានជាតិអប់រំ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈមន្ត្រីអប់រំ ទាំងផ្នែកចំណេះដឹង (វិជ្ជាសម្បទា) ជំនាញថ្មីៗ (បំណិនសម្បទា) និងឥរិយាបថវិជ្ជមាន (ចរិយាសម្បទា) ក្នុងការបំពេញតួនាទីជាមន្ត្រីរដ្ឋបាលអប់រំ ជាអ្នកធ្វើផែនការអប់រំ និងជាអ្នកដឹកនាំនិងគ្រប់គ្រងអប់រំ គ្រប់លំដាប់ថ្នាក់។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ បានបើកដំណើរការបណ្តុះបណ្តាលនៅ វិទ្យាស្ថានជាតិអប់ ចាប់តាំងពីឆ្នាំ ២០១២ ដោយមានការជួយឧបត្ថម្ភគាំទ្រ ទាំងថវិកា និងបច្ចេកទេស ពីអង្គការ  មូនិធិគាំទ្រការអប់រំ អន្តរជាតិកម្ពុជា(CIESF )។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារពាក់ព័ន្ធ ឱ្យរៀបចំឯកសារទាក់ទងនឹងកម្មវិធីសិក្សាមកពិនិត្យឡើងវិញ និងធ្វើការវាយតម្លៃដោយយោងទៅលើគម្រូរបស់ប្រទេសនានា ដើម្បីកែលម្អបន្ថែម, រៀបចំកម្មវិធីសិក្សាឱ្យក្លាយជាប្រព័ន្ធ ដើម្បីឈានទៅដល់ស្តង់ដា, ត្រូវមានការពិនិត្យជាប្រចាំឆ្នាំ ដោយមានការសង្កេត និងវាយតម្លៃជាប្រព័ន្ធច្បាស់លាស់ ដើម្បីកំណត់ចំណុចខ្វះខាត និងដោះស្រាយបញ្ហាដែលកើតមាន, រៀបចំការសិក្សាស្រាវជ្រាវជាទម្រង់ (Survey) ដើម្បីប្រមូលទិន្នន័យទាក់ទងនឹងមុខវិជ្ជា និងការអនុវត្តការបង្រៀន, កំណត់គ្រូឧទ្ទេសឱ្យបានច្បាស់លាស់សម្រាប់មុខវិជ្ជានីមួយៗ ដើម្បីធានាថាពួកគាត់មានជំនាញឯកទេសទី១ និងទី២ ដែលអាចឆ្លើយតបនឹងតម្រូវការសិក្សា។ ឯកសារបង្រៀន និងកម្មវិធីសិក្សាក៏ត្រូវមានការវាយតម្លៃជាប្រចាំផងដែរ ដើម្បីធានាថាគ្រូបង្រៀនដែលចេញថ្មីពីវិទ្យាស្ថានជាតិអប់រំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបនឹងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារចំពោះការចូលរួមក្នុងការកែលម្អលើការងារនេះ និងលើកទឹកចិត្តឱ្យបន្តសហការគ្នា ដើម្បីអនុវត្ត និងសម្រេចលើផែនការនេះឱ្យបានជោគជ័យ ក្នុងគោលដៅលើកកម្ពស់គុណភាពការអប់រំគ្រូ និងធានាថាកម្មវិធីសិក្សាឆ្លើយតបទៅនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស៕

Written by 

Related posts

Leave a Comment