យោងតាមក្រុមហ៊ុនប្រេង Yemen Petroleum (YPC) បានឱ្យដឹងថា កងកម្លាំងអាកាសរបស់សហរដ្ឋអាមេរិក ធ្វើការវាយប្រហារតាមអាកាសជារៀងរាល់ថ្ងៃលើស្ថានីយប្រេង Ras Isa ក្នុងខេត្ត Al Hudaydah ភាគខាងលិចនៃប្រទេសយេម៉ែន ។

យោងតាមក្រុមហ៊ុន Yemen Petroleum Company (YPC) ដែលត្រូវបានគ្រប់គ្រងដោយចលនាឧទ្ទាម Ansar Allah (Houthi) បានរាការណ៍ថា ការវាយប្រហារឥតឈប់ឈរនេះ គឺរំខានដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារប្រតិបត្តិការរបស់រោងចក្រនេះឡើងវិញ ។
ដូចដែលបានបញ្ជាក់ដោយអ្នកនាំពាក្យផ្លូវការរបស់ YPC លោក Issam Yahya al-Mutawakkil នៅលើទំព័រ Facebook (Meta) ថា ចាប់តាំងពីថ្ងៃទី ២៦ ខែមេសា កងទ័ពអាកាសអាមេរិក បានវាយប្រហារជារៀងរាល់ថ្ងៃលើស្ថានីយ Ras Isa ដើម្បីរារាំងការស្ដារឡើងវិញនៃទីតាំងនេះ ។
យោងតាមអ្នកតំណាង YPC អះអាងថា សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារជាទៀងទាត់លើកំពង់ផែ Ras Isa កាលពីថ្ងៃទី ១៧ ខែមេសា នៅពេលដែលយន្តហោះចម្បាំងរបស់អាមេរិក បានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ ដែលបំផ្លាញស្ថានីយលានដ្ឋាន និងបំពង់បង្ហូរប្រេងទាំងអស់។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម Houthi បានបញ្ជាក់ថា ការវាយប្រហារដំបូងរបស់សហរដ្ឋអាមេរិក មកលើទីតាំង គឺសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៤ នាក់ និងធ្វើឱ្យ ១៧១ នាក់ផ្សេងទៀតរងរបួស៕

ដោយ៖ ពេជ្រ