មន្ត្រីកំពូលអាមេរិកម្នាក់ បាននិយាយថា ទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ បានសាទរចំពោះកិច្ចព្រមព្រៀងដែលផ្តល់ឱ្យសហរដ្ឋអាមេរិកទទួលបានសិទ្ធិអនុគ្រោះក្នុងការជីកយករ៉ែកម្ររបស់អ៊ុយក្រែន ។

មន្ត្រីរូបនេះ បានបន្ថែមថា ការព្រមព្រៀងគ្នាដ៏សំខាន់មួយនេះ នឹងពង្រឹងជំហរចរចារបស់លោកប្រធានាធិបតី Donald Trump ក្នុងការចាប់ផ្ដើមកិច្ចពិភាក្សាជាមួយរុស្ស៊ី។
ទោះជាយ៉ាងណា បន្ទាប់ពីកិច្ចព្រមព្រៀងនេះលេចជារូបរាង អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថា នេះបង្ហាញថា លោក Trump បានបំបែករបបក្រុងគៀវ ដោយការយកជំនួយយោធា ដោះដូរនឹងរ៉ែ។

កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន និងជំរុញយ៉ាងខ្លាំងដល់លោក Trump បង្កើតមូលនិធិវិនិយោគរួមសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន ខណដែលប្រធានាធិបតីអាមេរិករូបនេះ ព្យាយាមធានាឱ្យមានដំណោះស្រាយសន្តិភាពនៅក្នុងសង្គ្រាមរយៈពេល ៣ ឆ្នាំរបស់រុស្ស៊ី នៅអ៊ុយក្រែន។
កិច្ចព្រមព្រៀងនេះ ផ្តល់សិទ្ធិអនុគ្រោះដល់សហរដ្ឋអាមេរិក ចំពោះគម្រោងរ៉ែថ្មីរបស់អ៊ុយក្រែន។ វាជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការកែសម្រួលទំនាក់ទំនងជាមួយសេតវិមាន ដែលបានបែកបាក់បន្ទាប់ពីលោក Trump ចូលកាន់តំណែងក្នុងខែមករា ៕

ដោយ៖ ពេជ្រ