Trump ជំរុញឱ្យភាគីរុស្ស៊ី-អ៊ុយក្រែន ប្រញ៉ាប់ចូលតុចរចា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា លោកកំពុងបង្កើនសម្ពាធលើអ៊ុយក្រែន និងរុស្ស៊ី ដើម្បីឲ្យពួកគេយល់ព្រមលើផែនការសន្តិភាពមួយ។ ការ​លើក​ឡើង​របស់​លោក​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដ៏​ធំ​របស់​រុស្ស៊ី​លើ​ក្រុង​គៀវ។

ក្នុងអំឡុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកមាន “ពេលវេលាកំណត់” ផ្ទាល់ខ្លួនសម្រាប់ការចរចាបទឈប់បាញ់ ហើយបានជំរុញឱ្យភាគីទាំងពីរទទួលយកសំណើរបស់សហរដ្ឋអាមេរិក។

លោកបានបញ្ជាក់ថា យើងកំពុងគិតយ៉ាងមុតមាំថា ពួកគេទាំងពីរចង់បានសន្តិភាព ប៉ុន្តែពួកគេត្រូវតែឈានដល់តុចរចា ហើយយើងរង់ចាំពួកគេយូរហើយដែរ ដូច្នេះពួកគេត្រូវតែទៅតុចរចា ហើយខ្ញុំគិតថាយើងនឹងទទួលបានសន្តិភាព។

គួររំលឹកថា ការ​វាយ​ប្រហារ​របស់​រុស្សី​ពេញ​មួយ​យប់​ដែល​ពាក់​ព័ន្ធ​នឹង​កាំជ្រួច​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​បណ្តាល​ឲ្យ​មនុស្ស ១២ នាក់​ស្លាប់ និង ៩០ នាក់​រង​របួស។

ស្ត្រីម្នាក់នៅទីក្រុង Kyiv បានពណ៌នាអំពីការវាយប្រហារដោយនិយាយថា “កាំជ្រួចមួយបានហោះចូល និងធ្វើឱ្យរន្ធនៅលំនៅដ្ឋានរបស់អ្នកជិតខាងរងការខូចខាត។ គាត់បន្តថា ខ្ញុំបានឃើញជីដូនចំណាស់ម្នាក់បានស្លាប់។ ខ្ញុំមិនយល់ថាហេតុអ្វីបានជា Trump មានទំនាក់ទំនងល្អជាមួយពូទីន ដែលជាឃាតកនោះទេ”។

ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានរាយការណ៍ថា រដ្ឋបាល Trump បានបង្ហាញសំណើសន្តិភាពដល់អ៊ុយក្រែន ដែលរួមមានសក្តានុពលក្នុងការទទួលស្គាល់ការបញ្ចូលឧបទ្វីបគ្រីមេរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៤ ។

ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកបានដាក់សំណើតបតមួយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។

មេដឹកនាំអ៊ុយក្រែនបាននិយាយថា “បន្ទាប់ពីសំណើរបស់សហរដ្ឋអាមេរិក ឯកសារផ្សេងទៀតបានលេចចេញ ហើយខ្ញុំជឿថា ថ្ងៃនេះ ទម្រង់នេះ ឯកសារនេះគឺនៅលើតុរបស់ប្រធានាធិបតី Trump ។ លោកថា អ្វីក៏ដោយដែលផ្ទុយពីតម្លៃរបស់យើង ឬរដ្ឋធម្មនុញ្ញរបស់យើង មិនអាចស្ថិតនៅក្នុងកិច្ចព្រមព្រៀងណាមួយឡើយ” ។ ឥឡូវនេះការយកចិត្តទុកដាក់គឺផ្តោតលើរបៀបដែលការវាយប្រហារចុងក្រោយបំផុតរបស់រុស្ស៊ីនឹងប៉ះពាល់ដល់ការចរចាណាមួយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment