រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានលើកទ្បើងថា ក្នុងឆ្នាំ២០២៥ នេះ ប្រជាកសិករក្នុងទូទាំងប្រទេសបានធ្វើស្រូវប្រាំងរហូតដល់ជាង ៩០ ម៉ឺនហិកតា ដែលចំនួននេះលើសពីសមត្ថភាពផ្គត់ផ្គង់ទឹក ខណដែលសមត្ថភាពផ្គត់ផ្គង់ទឹកមានតែត្រឹមជាង ៥០ ម៉ឺនហិកតាប៉ុណ្ណោះ កត្តានេះហើយដែលធ្វើឲ្យមានការខ្វះខាតទឹក រហូតមានការប្រមូលផ្តុំតវ៉ាពីប្រជាកសិករ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីធ្វើទ្បើងក្នុងវេទិកាពិភាក្សាស្តីពីការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
យ៉ាងណាក៏ដោយ លោក ថោ ជេដ្ឋា បានអះអាង ចំពោះមុខនឹងបញ្ហាប្រឈមកង្វះទឹកសម្រាប់ស្រោចស្រពស្រែប្រាំងនោះ កន្លងមកទាំងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងមន្ត្រីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីបានចុះទៅដល់មូលដ្ឋានដើម្បីពិនិត្យមើលស្ថានភាពនៃការបង្កបង្កើនផលស្រូវប្រាំង សំខាន់បញ្ហាប្រឈមនៃការខ្វះខាតទឹក ដើម្បីរកវិធីជួយដល់ប្រជាកសិករយើង៕

