ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីការរកឃើញដោយកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ នៃយន្តហោះចំនួន ១០ គ្រឿង និងនាវាចំនួន ៦ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ដែលចូលមកជិតកោះនេះ ។
ក្រសួង បានបង្ហោះនៅលើបណ្តាញសង្គម X ថា យន្តហោះ ១០ គ្រឿង និងនាវា ៦ គ្រឿងរបស់ PLA កំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ ។
ក្រសួង បញ្ជាក់ថា យន្តហោះ ៦ គ្រឿង ហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យម ហើយបានចូលទៅក្នុងតំបន់ ADIZ ភាគខាងជើង និងភាគនិរតីរបស់តៃវ៉ាន់ ដោយបន្ថែមថា យើង កំពុងតាមដានស្ថានភាព និងការឆ្លើយតប ។
ទីភ្នាក់ងារយោធាតៃវ៉ាន់ បានកត់ត្រាជាប្រចាំនូវយន្តហោះចម្បាំង និងនាវារបស់ភាគីចិន ដែលតែងតែចូលមកជិតកោះនេះ ។
គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលក្នុងតំបន់របស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងគួមីនតាងដែលនៅសល់ដឹកនាំដោយ ឈៀង កៃឆេក (១៨៨៧-១៩៧៥) ភៀសខ្លួនទៅកាន់កោះនេះ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលនៅប្រទេសចិន។ ចាប់តាំងពីពេលនោះមក តៃវ៉ាន់ បានរក្សាទង់ជាតិ និងនិមិត្តសញ្ញាមួយចំនួនទៀតនៃសាធារណរដ្ឋចិន ដែលមាននៅក្នុងប្រទេសចិនដីគោក មុនពេលកុម្មុយនិស្តឡើងកាន់អំណាច។ ទីក្រុងប៉េកាំង បានចាត់ទុកកោះនេះជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួន ហើយទីតាំងនេះត្រូវបានគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងដែរ៕
ដោយ៖ ពេជ្រ